(បរទេស)៖ ថ្លែងមុនចូលរួមប្រជុំសមាជិកប្រតិបត្តិពេញអង្គប្រចាំឆ្នាំរបស់ FIFA លោក Gianni Infantino បានគូសបញ្ជាក់ថា ប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (Video Assistant Referee) នៅតែដើរតួនាទីសំខាន់ដដែលក្នុងវិស័យបាល់ទាត់ សម្រាប់យូរអង្វែងទៀត។

ក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងនៅប្រទេសស្កុតឡេន នាល្ងាចថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ នេះ VAR ក៏ជារបៀបវារៈមួយ ដែលឹនងត្រូវលើកយកមកពិភាក្សាគ្នាដែរ។

«ប្រព័ន្ធ VAR គឺវានឹងមិនហួសសម័យឡើយ ផ្ទុយទៅវិញ វានៅមានរឿងច្រើនទៀតដែលត្រូវ update»។ នេះបើយោងតាមការលើកឡើងរបស់ប្រធាន FIFA លោក Infantino តាមរយៈការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

លោកថា «វាពិតជាលំបាកទទួលយកខ្លាំងណាស់ នៅពេលមានរឿងកើតឡើងដោយសារតែ VAR នៅលើទីលាន ក៏ប៉ុន្តែក្រោយទទួលស្តាប់ការពន្យល់របស់អាជ្ញាកណ្តាលរួចមក ប្រព័ន្ធនេះវាមានលក្ខណៈពិសេសបំផុតក្នុងការជួយជំរុញនៃដំណើរការសម្រេចចិត្តផ្សេងៗ»

នៅពេលសួរថា តើលោកនៅតែជឿជាក់ និងទុកចិត្តក្នុងការសម្រេចរបស់ VAR, លោក Infantino បានឆ្លើយថា «នៅខ្លាំងមែនទែន។ អ្នកមិនអាចស្រម៉ៃបានទេថា វានឹងគ្មានបាល់ទាត់ ប្រសិនបើគ្មាន VAR។ គ្មាននរណាម្នាក់អាចធ្វើបានទេ»