(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia លោក Jensen Huang បាននិយាយថាបញ្ញាសិប្បនិម្មិតទូទៅ ឬហៅកាត់ថា AGI អាចមកដល់ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ និងមានលិទ្ធភាពឆ្លងផុតការធ្វើតេស្តដោយមនុស្ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

លោក Huang ដែលជាប្រធានក្រុមហ៊ុនផលិតបន្ទះបញ្ញាសិប្បនិមិត្ត AI ឈានមុខគេរបស់ពិភពលោកនោះ ត្រូវបានគេស្គាល់ច្បាស់ថា ជាអ្នកដើម្បីបង្កើតប្រព័ន្ធដូចជា ChatGPT របស់ OpenAI ហើយនៅថ្ងៃសុក្រសប្តាហ៍នេះ បានឆ្លើយតបនឹងសំណួរមួយចំនួន អំឡុងពេលចូលរួមក្នុងវេទិកាសេដ្ឋកិច្ច ដែលធ្វើឡើងនៅសាកលវិទ្យាល័យ Stanford អំពីកិច្ចការងារបច្ចេកវិទ្យារ ជាពិសេសពីរបៀបដែលកុំព្យូរទ័រអាចគិតនិងធ្វើបានដូចមនុស្ស។

លោក Huang បាននិយាយថា ចម្លើយភាគច្រើនអាស្រ័យទៅលើរបៀប ដែលគោលដៅត្រូវបានកំណត់។ ប្រសិនបើយើងកំណត់និយមន័យថា មានសមត្ថភាពឆ្លងកាត់ការសាកល្បងដោយមនុស្ស គឺបញ្ញាសិប្បនិម្មិតទូទៅ (AGI) នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ក្នុងន័យនេះទំនងជាលោកចង់ សង្កត់ធ្ងន់ថា ទៅខាងមុខរយៈពេល៥ឆ្នាំទៀត មនុស្សនឹងលែងដឹងហើយថា សមិទ្ធផលនោះ គឺជាស្នាដៃរបស់ AI ។ ត្បិតបច្ចុប្បន្ននេះ AI អាចឆ្លងផុតការធ្វើតេស្ត ដូចជាការប្រឡងផ្នែកច្បាប់ ប៉ុន្តែនៅមិនទាន់ជោគជ័យលើការធ្វើតេស្តផ្នែកឯកទេស ដូចជាជំងឺក្រពះពោះវៀនជាដើម។ តែយ៉ាងណាលោក Huang បាននិយាយថា ក្នុងរយៈពេលប្រាំឆ្នាំទៀត វាក៏គួរតែអាចឆ្លងផុតដែរ។

លោក Huang ក៏បានឆ្លើយសំណួរអំពីថា តើរោងចក្រផលិតបន្ទះឈីបចំនួនប៉ុន្មានទៀត ដែលហៅថា «fabs» នៅក្នុងឧស្សាហកម្មនេះ ត្រូវការជាចាំបាច់ ដើម្បីគាំទ្រដល់ការពង្រីកឧស្សាហកម្ម AI ។ ត្បិតកន្លងទៅធ្លាប់មានសេចក្តីរបាយការណ៍ពីនាយកប្រតិបត្តិ OpenAI លោក Sam Altman ដោយលោកគិតថា ត្រូវការរបស់ Fabs ជាច្រើនទៀត។ ក្នុងពេលផ្តល់ចម្លើយ លោក Huang បាននិយាយថា វានឹងត្រូវការកាន់តែច្រើន ប៉ុន្តែបន្ទះឈីបនីមួយៗក៏នឹងកាន់តែប្រសើរឡើងតាមពេលវេលាផងដែរ៕