(បរទេស)៖ នាយកប្រតិបត្តិ(CEO) ក្រុមហ៊ុន OpenAI លោក Sam Altman បានជំទាស់នឹងការអះអាងរបស់កំពូលមហាសេដ្ឋីលោក Elon Musk ដែលបានចោទប្រកាន់នៅក្នុងពាក្យបណ្តឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានលើកឡើងថា CEO Tesla មានការខកចិត្តដែលគាត់មិនមែនជាផ្នែកមួយនៃការចាប់ផ្តើមបង្កើតបញ្ញាសិប្បនិម្មិត្ត AI។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។

លោក Jason Kwon ប្រធានផ្នែកយុទ្ធសាស្រ្តរបស់ OpenAI បានសរសេរនៅក្នុងអនុស្សរណៈផ្ទៃក្នុងកាលពីថ្ងៃសុក្រដែលត្រូវបានមើលដោយ CNBC ថា «យើងជឿថាការអះអាងនៅក្នុងពាក្យបណ្តឹងនេះ អាចកើតចេញពីការសោកស្តាយរបស់ Musk ចំពោះការមិនចូលរួមជាមួយក្រុមហ៊ុននៅថ្ងៃនេះ» ។ «វាជាការខកចិត្តយ៉ាងខ្លាំងដែលឃើញ Musk ចាត់វិធានការនេះប្រឆាំងនឹងក្រុមហ៊ុនដែលគាត់បានជួយចាប់ផ្តើម ជាពិសេសដោយសារការសហការយ៉ាងជិតស្និទ្ធរបស់គាត់ជាមួយអ្នកមួយចំនួនដែលនៅតែធ្វើការដើម្បីបេសកកម្ម»។

គួររំលឹកដែរថា ពាក្យបណ្តឹងនេះ គឺបានដាក់ទៅកាន់តុលាការ San Francisco កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ខណៈមេធាវីរបស់ Musk បាននិយាយថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ត្រូវបានលោក Sam Altman និងសហស្ថាបនិក OpenAI លោក Greg Brockman ទាក់ទងនៅឆ្នាំ២០១៥ ដើម្បីពិភាក្សា និងបានយល់ព្រមបង្កើតមន្ទីរពិសោធន៍មិនរកប្រាក់ចំណេញ ដែលនឹងអភិវឌ្ឍបញ្ញាទូទៅសម្រាប់អត្ថប្រយោជន៍របស់មនុស្សជាតិ»។ តែយ៉ាងណា លោក Musk បានលាឈប់ពីក្រុមប្រឹក្សាភិបាលនៅឆ្នាំ២០១៨ បន្ទាប់ពីលោកនិយាយថា AI មានសក្តានុពលគ្រោះថ្នាក់ជាងនុយក្លេអ៊ែរទៅទៀត។

ក្នុងពាក្យបណ្តឹងបានអះអាងថា «រហូតមកដល់សព្វថ្ងៃនេះ គេហទំព័ររបស់ OpenAI, Inc. នៅតែបន្តអះអាងថាធម្មនុញ្ញរបស់ខ្លួនគឺដើម្បីធានាថា AI ផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិទាំងអស់ ប៉ុន្តែជាក់ស្តែង OpenAI ផ្តោតលើការបង្កើនប្រាក់ចំណេញ សម្រាប់ក្រុមហ៊ុនមេ Microsoft ទៅវិញទេ ដោយបានបំពាន់កិច្ចកិច្ចព្រមព្រៀង»