(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចេញសេចក្ដីថ្លែងការរួមមួយ ក្រោយបញ្ចប់មហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី០២ ខែមីនានេះ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រ និងទិសដៅការងារសំខាន់ ៩ចំណុច ដើម្បីជំរុញការអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិកម្ពុជា ។

យោងតាមសេចក្ដីថ្លែងការណ៍ខាងលើ បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងវិធានគន្លឹះនៃកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងអនុវិស័យអប់រំកាយ និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងទិសដៅការងារឆ្នាំ២០២៤ ជាគន្លឹះដូចខាងក្រោម៖

១. បន្តកំណែទម្រង់ស៊ីជម្រៅក្នុងកាតព្វកិច្ចរួមគ្នានៃការពង្រឹងប្រសិទ្ធភាព និងគុណភាពគ្រប់គ្រងដឹកនាំរបស់ គ.ជ.អ.ក. សហព័ន្ធកីឡាជាតិ និងដៃគូអភិវឌ្ឍនានា ស្របតាមយន្តការអភិបាលកិច្ចល្អ និងអនុវត្តយ៉ាងមុតស្រួច តាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
២. បង្កើនល្បឿននៃការអភិវឌ្ឍធនធានមនុស្សឲ្យក្លាយជាមូលធនមនុស្សជំនាញវិជ្ជាជីវៈកីឡា ប្រកបដោយគុណវុឌ្ឍកីឡាខ្ពស់ និងគុណផលកីឡាខ្ពស់ ។
៣. សម្រេចឲ្យបានរួចរាល់នូវ ការរៀបចំបទដ្ឋានគតិយុត្ត និងផែនការមេ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ (5th Asian Youth Games 2029) និងការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ឆ្នាំ២០២៩ (6th Asian Youth Para Games 2029) ។
៤. រួមគ្នាពង្រឹងគុណភាព និងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីជម្រើសជាតិក្នុងផែនការ ២ឆ្នាំរំកិល ២០២៤-២០២៥ ឆ្ពោះទៅត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្វែងរកជោគជ័យក្នុងការប្រកួតកីឡា SEA Games លើកទី៣៣ នៅប្រទេសថៃ ។
៥. ត្រៀមរៀបចំប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ៦. ត្រៀមដឹកនាំប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះ (6th Asian Indoor & Martial Games) នៅប្រទេសថៃ ឆ្នាំ២០២៤ ។
៧.រួមចំណែក និងចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ ត្រៀមរៀបចំការប្រកួតកីឡា ជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ឲ្យទទួលបានជោគជ័យ ។
៨. ពង្រឹងភាពសុខដុមរមនាការងារកីឡា ក្នុងប្រព័ន្ធគ្រប់គ្រងដឹកនាំវិស័យកីឡាជាតិ និងចលនាអូឡាំពិក ។ ៩. ចក្ខុវិស័យវែងឆ្ងាយគឺសុបិន ស្វែងរកមេដាយដំបូងក្នុងការប្រកួតកីឡាអូឡាំពិករដូវក្ដៅនាឆ្នាំ២០៣២ ។

ថ្លែងក្នុងពិធីបិទមហាសន្និបាតខាងលើ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC បានវាយតម្លៃខ្ពស់ ចំពោះអង្គមហាសន្និបាតដែលបានប្រព្រឹត្តទៅយ៉ាងរលូន រស់រវើក និងផុសផុលក្នុងស្មារតីទទួលខុសត្រូវ ស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហការប្រតិបត្តិការយ៉ាងកក់ក្ដៅ ។ លទ្ធផលនៃកិច្ចពិភាក្សាជាមួយមតិផ្សំ និងធាតុចូលសំខាន់ៗ សុទ្ធតែបង្ហាញនូវឆន្ទៈច្បាស់លាស់ ចក្ខុវិស័យ វែងឆ្ងាយរបស់ក្រុមគ្រួសារចលនាអូឡាំពិកកម្ពុជា ដែលបានតាំងចិត្ត ពួតដៃគ្នា ឆ្ពោះទៅរកសុខដុមនីយកម្មការងារកីឡា និងអភិវឌ្ឍវិស័យកីឡា និងចលនាអូលាំពិកឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ឆ្លៀតឱកាសនោះដែរ លោកទេសរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍បន្ថែម ដែលជាវិធានការគន្លឹះជាអាទិភាពមួយចំនួន សម្រាប់អង្គមហាសន្និបាតផងដែរ រួមមាន៖

១. សូមទទួលយកនូវភាពអស្ចារ្យ និងមរតក SEA Games-ASEAN Para Games ឆ្នាំ២០២៣ ធ្វើជាគុណតម្លៃនៃនិមិត្តរូបដ៏មានប្រសិទ្ធភាព ជាមេរៀនបទពិសោធន៍ដ៏ត្រឹមត្រូវក្នុងការជំរុញទឹកចិត្តប្រតិបត្តិករកីឡាគ្រប់ៗរូប និងជាឧបករណ៍ចាំបាច់ត្រូវបន្តការផ្សព្វផ្សាយស្នាដៃដ៏អស្ចារ្យនេះទៅលើឆាកជាតិ និងអន្តរជាតិ។
២. ពង្រឹងគុណភាព សមត្ថភាព គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ តាមយន្តការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសក្តិសិទ្ធិភាព ដែលជាវិធានការអាទិភាពត្រូវធ្វើកំណែទម្រង់ឱ្យចេញជាលទ្ធផលជាក់ស្តែងក្នុងឆ្នាំ២០២៤-២០២៥ ដោយគោរពតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
៣. បង្កើនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡាជំនាញកម្រិតខ្ពស់ ក្នុងគោលដៅកសាងសមត្ថភាពប្រកបដោយគុណវុឌ្ឍជំនាញវិជ្ជាជីវកីឡាដល់ថ្នាក់ដឹកនាំ មន្ត្រីកីឡា របស់សហព័ន្ធកីឡាជាតិ និង ផ្តល់ការបបណ្តុះបណ្តាលជំនាញកីឡា និងបច្ចេកទេសកីឡាកម្រិតខ្ពស់ ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ក្រុមជម្រើសជាតិ។
៤. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ត្រូវត្រៀមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ឱ្យទទួលបានជោគជ័យ។
៥. ត្រៀមគ្រប់លក្ខណៈសម្បត្តិពីចម្ងាយក្នុងការចូលរួមប្រកួតកីឡា SEA Games លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយចាត់ទុកជា Games យុទ្ធសាស្រ្តរបស់កម្ពុជា ត្រូវរក្សាតំណែង កិត្តិយស និងកិត្យានុភាពជាតិបន្តទៀត បន្ទាប់ពីជោគជ័យឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
៦. ចាប់ផ្តើមរៀបចំឯកសារបទដ្ឋានគតិយុត្តិ និងផែនការមេឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ និងកីឡាយុជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ ឱ្យបានរួចរាល់នៅបំណាច់ឆ្នាំ២០២៤ ។
៧. សូមខិតខំបន្តការងារបណ្តុះបណ្តាលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគម្រោងកម្មវិធីឧបត្ថម្ភប្រចាំឆ្នាំរបស់អង្គការសាមគ្គីអូឡាំពិក “Olympic Sodality” ទាំងវគ្គរដ្ឋបាលកីឡា (Sport Administration) និងវគ្គគ្រូបង្វឹកជំនាញ (Coaching Course)។
៨. បន្តខិតខំរៀបចំព្រឹត្តិការណ៍កីឡាមហាជន ដូចជា ទិវារត់ប្រណាំង និងព្រឹត្តិការណ៍កីឡានានា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ។
៩. សូមបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ឯកភាពផ្ទៃក្នុង និងរក្សាការយោគយល់គ្នា គោរពផ្តល់តម្លៃគ្នា ទៅវិញទៅមក ដើម្បីបង្កើតបរិយាកាសសុខដុមរមនាការងារកីឡាក្នុងមហាគ្រួសារកីឡាជាតិតែមួយ ។

ចុងក្រោយលោកបណ្ឌិត ថោង ខុន បានចាត់ទុកមហាសន្និបាតប្រចាំឆ្នាំនេះ ពិតជាមានតម្លៃ និងទទួលបានផ្លែផ្កាជាវិជ្ជមាន ដើម្បីជាចក្ខុវិស័យតម្រង់ទិសដល់យើងទាំងអស់គ្នា ឲ្យបន្តការខិតខំប្រឹងប្រែងអនុវត្តការងារកីឡា និងអភិវឌ្ឍវិស័យកីឡាជាតិឲ្យកាន់តែរឹងមាំ និងរីកចម្រើនរុងរឿង ដើម្បីបន្តពង្រឹងសក្តានុពល និងឧត្តមភាពកីឡាជាតិលើឆាកអន្តរជាតិ ៕