(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup 2034 ហើយការដេញថ្លៃបានប្រាកដថា នឹងទទួលបានជោគជ័យ ដោយសារតែការអវត្តមាន នៅការចាប់អារម្មណ៍ពីបណ្តាប្រទេសផ្សេងទៀត មុនពេលផុតកាលបរិច្ឆេទ កាលពីចុងឆ្នាំមុន របស់ FIFA។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានោះប្រទេសម៉ារ៉ុក, ព័រទុយហ្គាល់ និងអេស្ប៉ាញ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះរួមគ្នា នៃព្រឹត្តិការណ៍ឆ្នាំ២០៣០ ហើយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានកំណត់យកសហព័ន្ធចូលរួមដេញថ្លៃ សម្រាប់ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០៣៤ មកពីទ្វីបអាស៊ី និងអូសេអានី។

អារ៉ាប៊ីសាអូឌីត អាចនឹងក្លាយជាប្រទេសទី២ មកពីតំបន់ឈូងសមុទ្រ Gulf ដែលនឹងក្លាយជាម្ចាស់ផ្ទះ សម្រាប់ព្រឹតិ្តការណ៍ World Cup បន្ទាប់ពីប្រទេសកាតា ដែលជាអ្នកជិតខាង បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កាលពីឆ្នាំ២០២២។

ជំហានបន្ទាប់ ក្នុងដំណើរការដេញថ្លៃ គឺការបញ្ជូនឯកសារដេញថ្លៃពេញលេញ ទៅកាន់ FIFA ក្នុងខែកក្កដាខាងមុខ, ជាមួយនឹងការតែងតាំងធ្វើជាម្ចាស់ផ្ទះ សម្រាប់ទាំងព្រឹត្តិការណ៍ World Cup ឆ្នាំ២០៣០ និងឆ្នាំ២០៣៤ គ្រោងនឹងបោះត្រា នៅឯសមាជ FIFA នៅចុងឆ្នាំនេះ។

​​សូមជម្រាបថា សហរដ្ឋអាម៉េរិក, ម៉ិកស៊ិក និងកាណាដា នឹងរួមគ្នារៀបចំព្រឹត្តិការណ៍ World Cup 2026 ៕