(ភ្នំពេញ)៖ MedCREATE   ដែលជាការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា បានសហការជាមួយនឹង មន្ទីរពេទ្យSunway Medical Centre នៅប្រទេសម៉ាឡេស៊ី ដែលតាមរយៈកិច្ចសហការនេះ នឹងផ្តល់ជម្រើសថ្មីមួយទៀតសម្រាប់គ្រប់អ្នកជំងឺមហារីក ដែលចង់ស្វែងរកសេវាព្យាបាលនៅមន្ទីរពេទ្យដែលមានស្តង់ដារគុណភាព ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ។

ថ្លែងនៅក្នុងវេទិកាសុខភាពក្រោមប្រធានបទ៖«ស្វែងរករោគសញ្ញា និងការព្យាបាលជំងឺ មហារីកជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ» ដែលរៀបចំឡើងដោយ MedCREATE នៅថ្ងៃទី០២ មិនា ឆ្នាំ២០២៤នេះ  លោក វេជ្ជបណ្ឌិត Ivan Shew Yee Siang ជាវេជ្ជបណ្ឌិតឯកទេសជំងឺមហារីកមកពី  Sunway Medical Centre  បានបង្ហាញអារម្មណ៍រីករាយដែលមានសហការជាមួយMedCREATE   ដើម្បីពង្រីកសេវាព្យាបាល ជាពិសេសជំងឺមហារីកឱ្យកាន់តែមានទូលំទូលាយ ហើយក៏ជាការផ្តល់ជម្រើសថ្មីមួយទៀតសម្រាប់អ្នកជំងឺមហារីកដែលចង់ស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស ជាពិសេសនៅប្រទេសម៉ាឡេស៊ី។

លោកបន្តថា មន្ទីរពេទ្យ Sunway Medical Centre មានបច្ចេកវិទ្យាព្យាបាលជំងឺមហារីក ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ    ខណៈតម្លៃនៃការព្យាបាល តំលៃសមរម្យបើធៀបនឹងមន្ទីរពេទ្យល្បីៗផ្សេងទៀតនៅម៉ាឡេស៊ី។ (ឃ្លីបវីដេអូសម្ភាសទី១)

លោក រ័ត្ន សុចាន់ នាយកប្រតិបត្តិផ្នែក ទីផ្សារ និងអាជីវកម្ម នៃក្រុមហ៊ុន MedCREATE  បានឲ្យដឹងថា  MedCREATE បានចាប់ផ្តើមសហការជាមួយនឹងមន្ទីរពេទ្យ Sunway Medical Centre កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបានលើកឡើងថា  ជំងឺមហារីកគឺជាជំងឺកាចសហាវមួយ ប្រសិនបើមិនទទួលបានការព្យាបាលបានទាន់ពេលវេលា  នឹងធ្វើឱ្យជំងឺវិវត្តិទៅកាន់តែធ្ងន់ធ្ងរ។ ក្នុងករណីនេះអ្នកជំងឺគួរតែយកចិត្តទុកដាក់លើការពិនិត្យសុខភាពជាប្រចាំ យ៉ាងហោច ១២ខែម្ដង ដើម្បីបង្ការជំងឺមហារីកបានទាន់ពេលវេលា។ (ឃ្លីបវីដេអូសម្ភាសទី២)

សូមបញ្ជាក់ថា   ក្រុមហ៊ុន MedCREATE  គឺជាការិយាល័យតំណាងមន្ទីរពេទ្យអន្ដរជាតិឈានមុនគេ ក្នុងប្រទេសកម្ពុជា ចាប់ពីតាំងពីឆ្នាំ២០១៦ មកម្លេះ។  (ឃ្លីបវីដេអូសម្ភាសទី៣)

ចំណែក មន្ទីរពេទ្យ   Sunway Medical Centre គឺជាមន្ទីរពេទ្យឯកជនដែលធំជាងគេបំផុតនៅម៉ាឡេស៊ី អាចផ្ទុកគ្រែអ្នកជំងឺចំនួន៧២៤គ្រែ មានវេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្តចំនួន៣៣០០នាក់ និងសាលវះកាត់ចំនួន១៨ធំៗ និងជាមន្ទីពេទ្យដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ព្រមទាំងមានតម្លៃសមរម្យ។ មន្ទីរពេទ្យនេះ មានវេជ្ជបណ្ឌិតឯកទេសច្រើនជាង៦០នាក់ និងវេជ្ជបណ្ឌិតឯកទេសល្បីល្បាញច្រើនជាង៣០០នាក់ និងឯកទេសព្យាបាលជំងឺសំខាន់ៗ ដូចជា មហារីក បេះដូង ក្រពះពោះវៀន រោគស្រ្តី និងកុមារ ឆ្អឹង និងប្រព័ន្ធប្រសាទ។

សូមជម្រាបផងដែរថា  នៅក្នុងវេទិកាសុខភាពក្រោមប្រធានបទ៖«ស្វែងរករោគសញ្ញា និងការព្យាបាលជំងឺ មហារីកជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ» ក៏មានការផ្ដល់ជូនកញ្ចប់ពិនិត្យសុខភាពដោយឥតគិតថ្លៃ ចំនួន៣ កញ្ចប់ ពីមន្ទីរពេទ្យ   Sunway Medical Centre ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ៖ ០៧០ ៩៩៣ ៩៨៨  និងសាកសួរព័ត៌មានផ្ទាល់ដែលមានទីតាំង នៅផ្លូវលេខ៩៥ អាគារលេខ៧៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ៕