(ម៉ូនិច)៖ ការផ្ទេរលេងខ្ចីជើងរបស់កីឡាករ Eric Dier ពីក្លិប Tottenham Hotspur ទៅកាន់ Bayern Munich នោះ ត្រូវបានប្តូរទៅលេងជាអចិន្ត្រៃយ៍ហើយ បន្ទាប់ពីគាត់បានបំពេញការបង្ហាញខ្លួន តាមតម្រូវការដែលបានបញ្ជាក់ នៅក្នុងកិច្ចសន្យារបស់គាត់។ នេះបើតាមការឱ្យដឹងពីក្លិបលេងនៅលីគ Bundesliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។

កីឡាករសញ្ជាតិអង់គ្លេស វ័យ ៣០ឆ្នាំរូបនេះ បានចូលរួមជាមួយ Bayern ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា លើកិច្ចព្រមព្រៀងមួយ ដែលមានសុពលភាព នៅពេលចប់រដូវកាលនេះ បន្ទាប់ពីបានចំណាលពេលមួយទសវត្សរ៍ លេងនៅក្លិប Spurs។ ការផ្លាស់ទៅលេងជាអចិន្ត្រៃយ៍នេះ លោកនឹងបានជួបជុំគ្នាវិញ ជាមួយអតីតមិត្តរួមក្រុម Harry Kane។

Bayern បានឱ្យដឹងថា កិច្ចសន្យារបស់ Dier ត្រូវបានបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងលោក Max Eberl ដែលជាសមាជិកក្រុមប្រឹក្សាភិបាលផ្នែកកីឡា។ Bayern បានលើកឡើងថា កីឡាករវ័យ៣០ឆ្នាំនេះ បានផ្តល់ការគាំទ្រដ៏ល្អនៅតំបន់ការពារ។

ការឈ្នះពានរង្វាន់លីគ Bundesliga ចំនួន ១១ដងជាប់ៗគ្នា Bayern កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងតារាងនារដូវកាលនេះ តាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen៕