(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Tottenham Hotspur កីឡាករ Richarlison អាចអវត្តមានរយៈពេល ១ខែ ដោយសារមានបញ្ហាជង្គង់។ នេះបើតាមសម្តីអ្នកចាត់ការ Ange Postecoglou ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។

ខ្សែប្រយុទ្ធរូបនេះមានទម្រង់លេងល្អនាពេលថ្មីៗនេះ ដោយរកបាន ១១គ្រាប់ ក្នុងនោះមាន ១០គ្រាប់ រកបានក្នុងលីគ Premier League ប៉ុន្តែបានរងរបួស នៅក្នុងការប្រកួតចាញ់ ២-១ ក្នុងពេលធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Wolverhampton Wanderers កាលពីខែមុន។

​សូមជម្រាបថា Spurs កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាង Premier League ដោយមាន ៥ពិន្ទុតាមពីក្រោយក្លិបចំណាត់ថ្នាក់ទី៤ Aston Villa ផងដែរ៕