(ភ្នំពេញ)៖ ក្រុមគ្រួសារតារាកំប្លែងជើងចាស់អ្នកស្រី ជុំ រស្មី ហៅស្រីទូច និងក្មួយស្រីតារាចម្រៀងល្បីឈ្មោះកញ្ញា ស៊ូ ស៊ីរីកា កំពុងតែដង្ហោយរកភាពយុត្តិធម៌ពីតុលាការពាក់ព័ន្ធរឿងបណ្ដាំមរតករបស់លោកស្រី កែវ មន្ថា ខណៈនិតិវិធីបានដល់ដៃតុលាការឧទ្ធរណ៍ទៅហើយនោះ។

តារាកំប្លែង ជុំ រស្មី ហៅស្រីទូច បានបង្ហាញអារម្មណ៍ឈឺចាប់ដោយបានបញ្ជាក់ថា អ្នកស្រីនិងសមាជិកក្រុមគ្រួសារបានខិតខំអស់ពីលទ្ធភាពហើយក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដើម្បីតតាំងតាមផ្លូវតុលាការជាមួយនឹងភាគីស្វាមីរបស់អ្នកស្រី កែវ មន្ថា ដែលមិនព្រមអនុវត្តន៍តាមបណ្ដាំមរតក ហើយថែមទាំងបានបណ្ដេញសមាជិកជាកូនចៅបង្កើតរបស់អ្នកស្រី កែវ មន្ថា ចេញពីផ្ទះដែលធ្លាប់រស់នៅជួបជុំគ្នាតាំងពីពីយូរមកហើយនោះទៀតផង។ ក្នុងនោះក៏មានក្មួយស្រីរបស់អ្នកស្រី គឺតារាចម្រៀង ស៊ូ ស៊ីរីកា ផងដែរ។

សម្រាប់អ្នកស្រី ជុំ រស្មី បញ្ជាក់ថា អ្វីដែលអ្នកស្រីរួមទាំងបងប្អូនកូនចៅ ដែលក្នុងនោះក៏មានតារាចម្រៀងនាង ស៊ូ សីរីកា គឺចង់ឲ្យមានការផ្តល់ភាពយុត្តិធម៌ចំពោះពួកគាត់ដូចដែលមានសរសេរនៅក្នុងលិខិតបណ្តាំមរតករបស់លោក ស្រី កែវ មន្ថា ដែលជាម្តាយ និងជីដូន។ ប៉ុន្តែរហូតមកដលពេលនេះអ្នកស្រីនៅមិនទាន់ទទូលបានដំណោះស្រាយផ្លូវច្បាប់ណាមួយដែលស្របនឹងឆន្ទៈរបស់មរតកជនលោកស្រី កែវ មន្ថា ឬដំណោះស្រាយណាមួយសមរម្យដែលរូបអ្នកស្រី និងសមាជិកគ្រួសារទាំងអស់អាចទទួលយកបាននៅឡើយ ស្របពេលសំណុំរឿងនេះកំពុងនៅក្នុងដៃរបស់សាលាឧទ្ធរណ៍នៅឡើយ។

ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំ នៃដំណើរការនិតិវិធីច្បាប់ពីសាលាដំបូងរាជធានីភ្នំពេញដល់សាលាឧទ្ធរណ៍ ព្រោះតែអ្នកស្រីចង់រក្សាការពារផលប្រយោជន៍ស្របច្បាប់ដែលសមាជិកគ្រួសារទាំងអស់គួរទទួលបានស្របតាមឆន្ទៈ និងគោលបំណងរបស់ម្ដាយនៅក្នុងបណ្ដាំមរតកដែលត្រូវបានប្រកាសដោយមេធាវីប៉ុណ្ណោះ។ ជាពិសេសគឺស្វែងរកភាពយុត្តិធម៌ជូនសមាជិកទាំងអស់ដែលមិនទទួលបានមរតកថែមទាំងត្រូវបណ្ដេញចេញពីផ្ទះយ៉ាងអយុត្តិធម៌។

អ្នកស្រី ជុំ រស្មី បានសង្កត់ធ្ងន់ថា «និយាយដោយត្រង់ខ្ញុំបានយកផ្ទះរស់នៅរាល់ថ្ងៃទៅបញ្ចាំ ដើម្បីតវ៉ារឿងក្ដីនេះ។ ឥឡូវ២ឆ្នាំហើយ ពួកខ្ញុំអស់លទ្ធភាពហើយ មានតែស្នើរដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារពួកខ្ញុំផង»។

អ្នកស្រី ជុំ រស្មី ហៅស្រីទូច បានទទូចក្នុងនាមក្រុមគ្រួសារទាំងអស់ដែលកំពុងរងភាពអយុត្តិធម៌ សូមអំពាវនាវយ៉ាងទទូចដល់ស្ថាប័នតុលាការ ក៏ដូចជាក្រសួងយុត្តិធម៌ជួយពន្លឿនរឿងក្តីនេះដល់សមាជិកគ្រួសារទាំងអស់ផង។ ម្យ៉ាងទៀត ពេលនេះសមាជិកគ្រួសារជាច្រើនកំពុងគ្មានផ្ទះជ្រកកោណនោះទេ និងត្រូវរស់នៅយ៉ាងលំបាកវេទនា។

ស្រដៀងគ្នានេះដែរ តារាចម្រៀង ស៊ូ ស៊ីរីកា ក៏បានបានអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំឱ្យរកយុតិ្តធម៌យ៉ាងពិតប្រាដកពីប្រព័ន្ធតុលាការ ព្រោះថារឿងក្តីនេះ  កំពុងដំណើរការដល់សាលាឧទ្ធរណ៍ ក៏ប៉ុន្តែមិននៅទាន់ទទូលបានយុតិ្តធម៌ សម្រាបរូបនាងនៅឡើយ។ ដូច្នេះហើយ ស៊ូ ស៊ីរីកា បានអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំឱ្យជួយរកយុតិ្តធម៌ដល់រូបនាង ព្រោះពេលនេះនាងកំពុងតែមានជីវភាពលំបាកខ្លាំង។

បើតាមតារាចម្រៀងរូបនេះ តាំងពីកើតរហូតដល់ដឹងក្ដី នាងបានរស់នៅក្រោមការមើលថែទាំយ៉ាងល្អបំផុតពីជីដូនលោកស្រី កែវ មន្ថា ប្រៀបបានទៅនឹងម្ដាយកូនដូច្នេះដែរ។ ជីដូនរបស់នាងបានផ្គត់ផ្គង់គ្រប់បែបយ៉ាង សូម្បីតែលុយដែលនាងរកបានពីការច្រៀងកន្លងមកក៏ផ្ញើជាមួយជីដូនជាអ្នកទុកដាក់ឱ្យដែរ។ ប៉ុន្តែបន្ទាប់ពីលោកស្រី កែវ មន្ថា បានទទួលអនិច្ចកម្មទៅ មិនបានប៉ុន្មាន ទ្រព្យសម្បត្តិទាំងឡាយដែលជីដូនទិញជាអំណោយទាំងអស់ត្រូវបានដកហូតដូចជារថយន្ត ខុនដូរ សូម្បីតែផ្ទះវីឡាដែលធ្លាប់រួមរស់ជាមួយជីដូនរហូតមក ក៏ត្រូវបានស្វាមីរបស់ជីដូនបណ្ដេញចេញដែរ រួមជាមួយនឹងសមាជិកដទៃទៀត។

ស៊ូ ស៊ីរីកា បញ្ជាក់ថា «ខ្ញុំបាត់បង់គ្រប់យ៉ាង ពេលអត់ពីម៉ាក់យាយទៅ សូម្បីតែកន្លែងជ្រកកោណ ហើយដែលខ្ញុំស្ងាត់កន្លងមកព្រោះតែរឿងនេះ។ ទើបតែពេលនេះបានងើបបានខ្លះតស៊ូបន្តទៀត ហើយខ្ញុំសន្យាធ្វើជាមនុស្សរឹងមាំដូចម៉ាក់យាយចង់ឃើញ»។

គួររំឭកដែរថា កាលពីថ្មីៗកន្លងទៅនេះ ក្រុមគ្រួសាររបស់តារាកំប្លែងអ្នកស្រី ទូច ក៏ធ្លាប់បានចេញមកទម្លាយភាពអយុត្តិធម៌ជាមួយបងប្អូនចំនួន១៤នាក់ ពាក់ព័ន្ធរឿងទំនាស់មរតកដែលលោកស្រី កែវ មន្ថា បានបន្សល់ទុកតាមរយៈមេធាវីផ្ទាល់ដោយបែងចែកទ្រព្យសម្បត្តិមួយចំណែកទៅឱ្យកូនៗ និងចៅដែលរួមរស់ជាមួយបន្ទាប់ពីលោកស្រីទទួលមរណភាពទៅ។ ប៉ុន្តែបើតាមអ្នកស្រី ជុំ រស្មី ហៅស្រីទូច បានបញ្ជាក់ថា ស្វាមីរបស់ខ្លួនពុំបានបំពេញតាមលិខិតបណ្ដាំនោះទេ ព្រមទាំងបានផ្ទេរអចលនទ្រព្យមួយចំនួនទៅឱ្យកូនៗរបស់ខ្លួន ហើយពុំបានអើពើដោះស្រាយតាមបណ្ដាំមរតកម្ដាយ ឬរកដំណោះស្រាយណាមួយសមរម្យនោះឡើយ ទើបអ្នកស្រី និងបងប្អូន និងក្មួយស្រី ស៊ូ ស៊ីរីកា សម្រេចគ្នាដាក់ពាក្យបណ្ដឹងទៅតុលាការ ខណៈការសម្រេចរបស់សាលាដំបូងអ្នកស្រី និងគ្រួសារមិនអាចទទួលយកបាន ទើបបន្តទៅដល់សាលាឧទ្ធរណ៍៕