(ភ្នំពេញ)៖ ជាទូទៅនៅក្នុងទំនាក់ទំនងរវាងបុគ្គលឯកជន និងបុគ្គលឯកជន តែងតែមានការប្រាស្រ័យទាក់ទងគ្នា ពិសេសទៅលើរឿងអាជីវកម្ម ស្នេហា និងការងារជាអាទិ៍។ ទំនាក់ទំនងនេះ ប្រសិនបើមានដំណើរការទៅរលូនល្អនោះពុំមានជាបញ្ហាអ្វីនោះទេ ប៉ុន្ដែនៅពេលដែលមានការបំពានណាមួយ ចាំបាច់ត្រូវមានវិធានច្បាប់ ដើម្បីជួយដោះស្រាយបញ្ហាទាំងនោះ អាចធ្វើឡើងក្រោមរូបភាពជាការដាក់ពាក្យបណ្ដឹងទៅតុលាការរដ្ឋប្បវេណី ដែលជាតុលាការមានសមត្ថកិច្ចទៅលើរឿងទំនាក់ទំនងបុគ្គលឯកជន ។

ការធ្វើបណ្ដឹងដាក់ទៅតុលាការនេះ ទាមទារឱ្យមានការគោរពទៅនឹងចំណុចសំខាន់ៗមួយចំនួន ដូចជា សមត្ថកិច្ចសាលាជម្រះក្ដី សមត្ថភាពជាភាគី ត្រូវបង់ប្រាក់ប្រដាប់ក្ដី និងចំណុចផ្សេងៗទៀត ។ ចំពោះរឿងក្ដីដែលពាក់ព័ន្ធនឹងករណីលែងលះគ្នា និងករណីបុត្តភាព គឺស្ថិតនៅក្រោមសមត្ថកិច្ចសាលាជម្រះក្ដីពិសេស ។

តើអ្វីទៅជាសមត្ថកិច្ចសាលាជម្រះក្ដីពិសេសលើរឿងក្ដីលែងលះ និងរឿងក្ដីអំពីបុត្តភាព?

ដើម្បីស្រាយចម្ងល់ខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ នឹងលើកយកប្រធានបទស្តីពី «សមត្ថកិច្ចសាលាជម្រះក្ដីពិសេសលើរឿងក្ដីលែងលះគ្នា និងរឿងក្ដីអំពីបុត្តភាព មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សតទាំងអស់គ្នា ដូចខាងក្រោម។

មុននឹងឈានដល់ការបង្ហាញ និងបកស្រាយចម្ងល់ខាងលើ សូមស្វែងយល់ពាក្យថា «លែងលះគ្នា» គឺសំដៅដល់ការរំលាយទំនាក់ទំនងអាពាហ៍ពិពាហ៍ រវាងប្ដី និងប្រពន្ធ ទៅតាមផ្លូវច្បាប់ ចំណែកឯពាក្យ «បុត្តភាព» គឺសំដៅដល់ក្រសែញាតិដែលទាក់ទងពីឪពុកម្ដាយ ទៅកូនបង្កើតរបស់ខ្លួន ។ «សមត្ថកិច្ចសាលាជម្រះក្ដី» សំដៅដល់តុលាការដែលមានសមត្ថកិច្ច ដែលអាចទទួលដោយស្របច្បាប់នូវពាក្យបណ្ដឹង វិនិច្ឆ័យលើរឿងក្ដី ហើយចេញសាលក្រម ឬសាលដីកាបាន ។

រឿងក្តីលែងលះគ្នា និងរឿងក្តីអំពីបុត្តភាព គឺខុសគ្នាទៅនឹងរឿងក្តីរដ្ឋប្បវេណីទូទៅ (បណ្តឹងទាមទារប្រាក់ ឬបណ្តឹងទាមទារឱ្យអនុវត្តកាតព្វកិច្ចជាអាទិ៍) ដោយហេតុថា រឿងក្តីលែងលះគ្នា និងរឿងក្តីអំពីបុត្តភាព ត្រូវបានក្រមនីតិវិធីរដ្ឋប្បវេណីបានកំណត់យ៉ាងច្បាស់ថា គឺជាសមត្ថកិច្ចសាលាជម្រះក្តីពិសេស ។ សមត្ថកិច្ចសាលាជម្រះក្ដីពិសេស លើរឿងក្ដីលែងលះគ្នា និងរឿងក្ដីអំពីបុត្តភាពនេះ គឺជាបណ្ដឹងលែងលះគ្នា និងបណ្ដឹងទាមទារឱ្យបញ្ជាក់អំពីអត្ថិភាព ឬនត្ថិភាពនៃបុត្តភាព ដែលត្រូវស្ថិតក្រោមសមត្ថកិច្ចផ្ដាច់មុខ របស់សាលាដំបូងដែលមានសមត្ថកិច្ចនៅលំនៅឋានរបស់ភាគីនៃទំនាក់ទំនងឋានៈបុគ្គលដែលពាក់ព័ន្ធនឹងបណ្ដឹងនោះ ឬលំនៅឋាននាពេលដែលភាគីនោះទទួលមរណភាព ។

ប៉ុន្តែបើលំនៅឋានដែលបានកំណត់ខាងលើនេះ ពុំស្ថិតនៅព្រះរាជាណាចក្រកម្ពុជា ឬលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា មិនពិតប្រាកដទេ សមត្ថកិច្ចសាលាជម្រះក្ដី ត្រូវកំណត់តាមទីសំណាក់ ។ បើពុំមានទីសំណាក់ ឬ ទីសំណាក់មិនពិតប្រាកដទេ សមត្ថកិច្ចនោះត្រូវកំណត់តាមលំនៅឋានចុងក្រោយ (មាត្រា ១០ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ បន្ថែមពីនេះ ក្នុងករណីដែលមិនអាចកំណត់តុលាការមានសមត្ថកិច្ច តាមចំណុចខាងលើនេះបានទេ ដូចនេះបណ្ដឹងទាក់ទងនឹងឋានៈបុគ្គល ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចផ្ដាច់មុខរបស់សាលាដំបូងរាជធានីភ្នំពេញ (មាត្រា ៥ កថាខណ្ឌទី៣ នៃច្បាប់ស្ដីពីនីតិវិធីបណ្ដឹងទាក់ទងនឹងឋានៈបុគ្គល) ។

សរុបមក សមត្ថកិច្ចសាលាជម្រះក្តីពិសេសលើរឿងក្តីលែងលះគ្នា និងរឿងក្តីអំពីបុត្តភាព គឺត្រូវស្ថិតនៅក្រោមសមត្ថកិច្ចផ្តាច់មុខ របស់សាលាដំបូង ដែលមានរៀបរាប់ជូនដូចខាងលើ ។ ចំពោះបណ្ដឹងទាក់ទងនឹងឋានៈបុគ្គលនេះត្រូវស្ថិតនៅក្រោមសមត្ថកិច្ចផ្ដាច់មុខ របស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីដែលមិនអាចកំណត់តុលាការមានសមត្ថកិច្ច តាមចំណុចខាងលើនេះបានទេ ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ឃន វេហា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល [email protected] គេហទំព័រ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕