(បរទេស)៖ អាជ្ញាធរចិនកំពុងបន្ធូរបន្ថយដែនកំណត់លើការទូទាត់ប្រាក់តាមទូរស័ព្ទសម្រាប់ជនបរទេស និងលើកទឹកចិត្តតំបន់ដល់ទេសចរណ៍ឱ្យទទួលយកការទូទាត់ជាសាច់ប្រាក់ និងកាតធនាគារបរទេស ក្នុងគោលបំណងធ្វើឱ្យចំនួនភ្ញៀវអន្តរជាតិរស់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្មីៗនេះ។

ធនាគារកណ្តាលបាននិយាយកាលពីថ្ងៃសុក្រកន្លងទៅនេះថា ជនបរទេសនឹងអាចចំណាយរហូតដល់ ៥០០០ដុល្លារអាមេរិក លើប្រតិបត្តិការទូទាត់តាមទូរស័ព្ទក្នុងមួយដង ដោយកាលពីមុនរដ្ឋាភិបាលចិនបានកំណត់ត្រឹមតែ ១០០០ដុល្លារអាមេរិកប៉ុណ្ណោះ យោងតាមធនាគារ People’s Bank of China បានឱ្យដឹងថា កម្រិតនៃការទូទាត់តាមទូរស័ព្ទប្រចាំឆ្នាំសម្រាប់ជនបរទេសនឹងកើនឡើងពី ១ម៉ឺនដុល្លារដល់ ៥ម៉ឺនដុល្លារអាមេរិក។

ជាមួយគ្នានោះផងដែរ តំបន់ទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេស នឹងធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយបង់ប្រាក់ ដើម្បីទទួលយកវិធីប្រតិបត្តិការជាច្រើន ចាប់ពីការទូទាត់តាមទូរស័ព្ទ រហូតដល់កាតធនាគារ និងសាច់ប្រាក់។ សណ្ឋាគារ ភោជនីយដ្ឋាន អ្នកលក់រាយ ការដឹកជញ្ជូនសាធារណៈ និងតាក់ស៊ីក៏ត្រូវតែទទួលយកកាត និងសាច់ប្រាក់ផងដែរ ហើយសេវាកម្មប្តូររូបិយប័ណ្ណបរទេសក៏ត្រូវបានដាក់អនុញ្ញាតឱ្យប្រើប្រាស់ផងដែរ។

ប្រទេសចិនបានក្លាយទៅជាប្រទេសមួយដ៏ធំបំផុតនៅក្នុងពិភពលោក ដែលមានការទូទាត់ជាសាច់ប្រាក់យ៉ាងតិចតួចបំផុត ប៉ុន្តែមានការទូទាត់តាមទូរស័ព្ទដៃយ៉ាងច្រើនសន្ធឹក ពោលគឺស្ទើតែគ្មានការចាយជាសាច់ប្រាក់ ហើយវាបានក្លាយជា ជាវិធីសាស្ត្រប្រតិបត្តិការប្រចាំថ្ងៃដ៏សាមញ្ញបំផុតក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណេតចល័តប្រហែល ៩៤០លាននាក់នៅក្នុងប្រទេសចិន។

ត្បិតតែការទូទាត់ប្រាក់តាមទូរស័ព្ទដៃនៅក្នុងប្រទេសចិនមានភាពទូលំទូលាយក៏ពិតមែន ប៉ុន្តែវាក៏ជាឧបសគ្គមួយសម្រាប់ជនបរទេសផងដែរ ព្រោះថា រដ្ឋាភិបាលចិនមិនអនុញ្ញាតឱ្យមានការទូទាត់ប្រាក់តាមអ៊ីនធឺណេតសម្រាប់ជនបរទេសឡើយ ដើម្បីងាយស្រួលសម្រាប់ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុ និងទិន្នន័យដ៏តឹងរឹងរបស់ទីក្រុងប៉េកាំង ហើយត្រូវពឹងផ្អែកលើសាច់ប្រាក់ និងកាតធនាគារបរទេស ប៉ុន្តែឥឡូវនេះ វាលែងជាបញ្ហាទៀតហើយ។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិករទូទាត់ប្រាក់តាមទូរស័ព្ទធំៗរបស់ចិន ដូចជា Alipay និង WeChat Pay ត្រូវបានអនុញ្ញាតឱ្យទទួលយកកាតកាន់តែច្រើន ដែលចេញដោយធនាគារបរទេស និងសម្រួលដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់៕