(កំពង់ធំ)៖ លោក អ៊ុន បុត្ត អភិបាលរងខេត្ត បានបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកំពង់ធំ លើប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្មឆ្នាំ២០២៣-២០២៤ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាល័យកំពង់ធំ។

លោក ឃឹម សេង ប្រធានការិយាល័យអប់រំកាយនិងកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំបានធ្វើរបាយការណ៍សង្ខេប កីឡាករ កីឡាការិនី មធ្យមសិក្សាលើប្រភេទកីឡាដែលត្រូវប្រកួតរួមមាន៖

១-កីឡាបាល់ទាត់៖ បុរស៩ក្រុម កីឡាករសរុបចំនួន១៦២នាក់ នារី ៦ក្រុម កីឡាការិនីសរុបចំនួនៈ១០៨នាក់
២-កីឡាបាល់ទះ៖ បុរស៩ក្រុម កីឡាករសរុបចំនួនៈ១០៨នាក់ នារី ចំនួន ៦ក្រុម កីឡាការិនីសរុបចំនួន៩៦នាក់
៣-កីឡាបាល់បោះ៖ បុរស៣ក្រុម កីឡាករសរុបចំនួន៣៦នាក់ នារី ចំនួន ៣ក្រុម កីឡាការិនីសរុបចំនួនៈ៣៦នាក់
៤-កីឡាប៉េតង់៖ បុរស៥ក្រុម កីឡាករសរុបចំនួន ២០នាក់ នារី ចំនួនៈ ៣ក្រុម កីឡាការិនីសរុបចំនួន ១២នាក់
៥-កីឡាអត្តពលកម្ម៖ បុរស៩ក្រុម កីឡាករសរុបចំនួន ៥៤នាក់ នារី ចំនួន ៨ក្រុម កីឡាការិនីសរុបចំនួន៤៨នាក់។

លោក អ៊ុន បុត្ត បានឱ្យដឹងថា កីឡាករ កីឡាការិនី គឺជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបានហើយ ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះគឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

លោកបន្តថា ការប្រកួតកីឡាពេលនេះបានផ្តល់ឱ្យកីឡាករ កីឡាការិនី និងគូរប្រកួតមានឱកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជម្នះ ទន្ទឹមនេះដែរវិស័យកីឡា បានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក្នុងសង្គមជាតិ។

លោកបានសម្តែងនូវអំណរគុណនិងកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការរៀបចំការប្រកួតកីឡាបានយ៉ាងល្អប្រសើរ ព្រមទាំងគណៈកម្មាការប្រកួតកីឡា គណៈប្រតិភូកីឡាស្រុក/ក្រុងទាំង៩ ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាក្នុងពេលនេះឱ្យទទួលបានជោគជ័យនិងលទ្ធផលល្អ និងសម្រាប់ផ្តល់កិត្តិយស ឱ្យក្រុង/ស្រុកនីមួយៗរបស់ខ្លួនផងដែរ។

លោក អ៊ុន បុត្ត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីទៅប្រកួតនៅថ្នាក់ជាតិនៅពេលខាងមុខ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រក៏ក្លាយខ្លួនទៅជាពលរដ្ឋដែលមានសមត្ថភាពក្នុងការបម្រើប្រទេសជាតិឲ្យមានការីកចម្រើន។

គួរបញ្ជាក់ថា លទ្ធផលនៃការប្រកួត៖

១.ផ្នែកអត្តពលកម្ម បានលើស្រុកបារាយណ៍

២.ផ្នែកកីឡាប៊ូលនិងប៉េតង់
* ១នាក់ទល់និង១នាក់នារី បានលើឈ្មោះ ហៀង ឡៃជី ស្រុកប្រាសាទសំបូរ
* ១នាក់ទល់និង១នាក់បុរស បានលើឈ្មោះ ផៃ ស៊ីផាន ស្រុកកំពង់ស្វាយ
* ៣នាក់ទល់និង៣នាក់នារី លេខ១បានទៅលើស្រុកប្រាសាទសំបូរ
* ៣នាក់ទល់និង៣នាក់បុរស លេខ១បានទៅលើស្រុកកំពង់ស្វាយ

៣.ផ្នែកកីឡាក្រុម
* បាល់បោះនារី លេខ១បានទៅលើក្រុងស្ទឹងសែន
* បាល់បោះបុរស លេខ១បានទៅលើក្រុងស្ទឹងសែន
* បាល់ទះនារី លេខ១បានទៅលើស្រុកសន្ទុក
* បាល់ទះបុរស លេខ១បានទៅលើស្រុកស្ទោង
* បាល់ទាត់នារី លេខ១បានទៅលើក្រុងស្ទឹងសែន
* បាល់ទាត់បុរស លេខ១បានទៅលើក្រុងស្ទឹងសែន៕