(ម៉ូនិច)៖ តាមរយៈជ័យជម្នះ ២-០ នៅក្នុងផ្ទះ FC Cologne បានធ្វើឱ្យ Bayer Leverkusen នាំមុខក្រុមលេខ២ Bayern Munich ដាច់ចំនួន ១០ពិន្ទុគិតត្រឹមសប្តាហ៍ទី២៤ ជើងទី២ ពីក្នុងតារាងលីគកំពូល Bundesliga របស់អាល្លឺម៉ង់ ដ្បិតនៅសល់តែ ១០ទៀតប៉ុណ្ណោះ នឹងបិទរដូវកាលនេះ។

ក្នុងប្រកួត ៩០នាទីពេញកាលពីរាត្រីថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ កីឡាករ Jeremie Frimpong ជាអ្នករកបានគ្រាប់បើកឆាក នៅមុនពេលមិត្តរួមក្រុមគឺ Alex Grimaldo បន្ថែមគ្រាប់ទី២ ក្រោយពេលក្រុមម្ចាស់ផ្ទះ Cologne លេងតែសមាជិក ១០នាក់ផងដែរ គិតចាប់តាំងពីនាទី១៤ មក ដោយសារខ្សែការពារ Jan Thielmann ត្រូវបានពិន័យកាតក្រហម នៅពេលបង្កកំហុសទៅលើ Granit Xhaka។

ជ័យជម្នះស្រួលៗនៅក្រៅផ្ទះ ដែលមិនឱ្យ Cologne តដៃរួចផងនោះ បានញ៉ាំងឱ្យ Leverkusen ដែលកំពុងដឹកនាំ ដោយបុរសសញ្ជាតិអេស្ប៉ាញ គឺលោក Xabi Alonso បង្កើនកំណត់ត្រាលេង ៣៤ប្រកួតមិនចាញ់ឡើយនារដូវកាលនេះ គ្រប់កម្មវិធីរបស់ពួកគេ ដោយរកបាន ៦៤ពិន្ទុនាំមុខកំពូលតារាងដាច់ផងដែរ ពីក្រុមលេខ២ និងជាក្រុមការពារតំណែងជើងឯក Bayern Munich ផងនោះ ដែលមានតែ ៥៤ពិន្ទុ។

ពួកគេបានស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់តំណែងជើងឯក Bundesliga 2023-2024 និងបានកំពុងបង្អាក់ក្រុមខ្លារខិន Bayern ដែលព្យាយាមឈ្នះពាននេះជាលើកទី១២ របស់ពួកគេជាប់ៗគ្នាផងដែរ៕