(ឡុងដ៏)៖ Manchester City បានបន្តយកឈ្នះក្រុម Manchester United ៣-១ ក្នុងជំនួបជើងទី២ លីគកំពូលអង់គ្លេស ជាមួយខ្សែប្រយុទ្ធ Phil Foden រកបាន ២គ្រាប់ម្នាក់ឯងនាំឲ្យរូបគេ ត្រូវបានអ្នកចាត់ការ Pep Guardiola សរសើរថា «រូបគេជាកីឡាករលេងល្អប្រចាំលីគនាពេលនេះ» ក្នុងការប្រកួត (Derby) ដែលសំបូរដោយកីឡាករអន្តរជាតិ។

តាមរយៈលទ្ធផលនេះ ក្រុមដឹកនាំដោយលោក Erik Ten Hag ក្លិបបិសាចក្រហម Man United នៅតែលេងមិនឈ្នះក្រុម Man City ទាំងពីរជើងក្នុងលីគរដូវកាលនេះ ដ្បិតការប៉ះគ្នាជើងទី២ ខ្សែប្រយុទ្ធ Marcus Rashford ស៊ុតបាន ១គ្រាប់ពីចំងាយ បើកការនាំមុខមុននៅការចាប់ផ្តើមលេងបាន ៨នាទី តែសំណាងនេះបានបាត់ទៅវិញ ពេលដែលខ្សែប្រយុទ្ធរួមសញ្ជាតិ Foden តាមវាយបកបានយកបាន ២គ្រាប់មកវិញនៅការលេងវគ្គទី២ ។

Haaland ក៏រួមចំណែករកបាន ១គ្រាប់នៅនាទី៩០+១ ហើយរូបគេពេលនេះជាកីឡាករម្នាក់នៅលីគអង់គ្លេស Premier League កំពុងរកបាន ១៨គ្រាប់ច្រើនជាងគេបណ្តោះអាសន្ន តាមពីក្រោយដោយកីឡាករ Ollie Watkins កំពុងរកបាន ១៦គ្រាប់ផងដែរ។

រំលឹកផងថា កាលលេងជើងទី១ ក្រុម Man City បានបំបាក់ Man United ៣-០ ហើយបន្តមកជើងទី២ យកឈ្នះ ៣-១ នាំឱ្យក្រុមមេឃខៀវបន្តឈរលេខ២ ក្នុងតារាងរកបាន ៦២ពិន្ទុ ហើយក្រុមបិសាចក្រហមនៅតែមាន ៤៤ពិន្ទុបណ្តោះអាសន្នដដែលគិតត្រឹមសប្តាហ៍ទី២៧ នេះ។

នេះមានន័យថា ក្រុមបិសាចក្រហម Man United រដូវកាលនេះ មិនអាចវាយបកយកឈ្នះបានវិញនោះទេ ទាំងការលេង ២លើក ដ្បិតរដូវកាលមុនអាចរកបានការឈ្នះ ២-១ មកវិញ ក្នុងទឹកដឹកដីរបស់ពួកគេនៅជើងទី២ បន្ទាប់ពីការលេងក្រៅដីជើងទី១ ចាញ់ ៦-៣ នៃជំនួបប៉ះក្រុម Man City ដែលជាក្រុមជើងឯកលីគ៕