(បរទេស)៖ ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំរបស់ខ្លួន ក្នងការប្រកាសបង្ហាញផលិតផលថ្មីៗ រួមទាំងម៉ូដែល iPad Pro និង iPad Air ថ្មី និង MacBook Air ដំណើរការដោយបន្ទះឈីប M3 ប៉ុន្តែនៅពេលនេះ ត្រូវបានគេរាយការណ៍ថានឹងមិនរៀបចំព្រឹត្តិការណ៍សម្ពោធក្នុងនិទាឃរដូវដ៏ធំនេះឡើយ ហើយទំនងជាប្តូរទៅប្រកាសតាមប្រព័ន្ធអនឡាញជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Engad Get នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។

Mark Gurman ដែលជាអ្នកវិភាគដ៏ល្បីបានរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងរៀបចំផែនការ ដើម្បីប្រកាសផលិតផលថ្មីនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ជាមួយនឹងស៊េរីវីដេអូអនឡាញ និងយុទ្ធនាការទីផ្សារបែបថ្មី។ បើដូច្នេះមែន នោះនឹងមានន័យថា រយៈពេលពីរឆ្នាំជាប់គ្នា ដែល Apple រំលងព្រឹត្តិការណ៍នៅនិទាឃរដូវ។

លោក Gurman ព្យាករណ៍បន្ថែមថា Apple នឹងបញ្ចេញ Hardware ថ្មីនឹងមកដល់នៅក្នុងខែមីនានេះឬខាងក្រោយ។ សម្រាប់ព្រឹត្តិការណ៍បញ្ចេញតាមអនឡាននេះទៀតសោត នឹងរួមជាមួយនឹង iPad Pro refresh និង iPad Air 12.9-inch ថ្មី។ លោកថា Apple គ្រោងនឹងប្រកាស Apple Pencils និង Magic Keyboards ថ្មី ហើយក៏ត្រូវបានគេរំពឹងថានឹងបញ្ចេញ MacBook Air ដំណើរការដោយបន្ទះឈីប M3 នៅក្នុងម៉ូដែល 13 អ៊ីញ និង 15 អ៊ីញ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការរំពឹងទុករបស់អ្នកវិភាគប៉ុណ្ណោះ ខណៈជាក់ស្តែងយ៉ាងណានោះ មានតែរងចាំមើលនាពេលចាប់ៗនេះ៕