(បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសលុបចោលគម្រោងផ្កាយរណបតម្លៃ ២ពាន់លានដុល្លារ ដោយសារបញ្ហាប្រឈមផ្នែកបច្ចេកទេស ដែលបានរារាំងដល់កម្មវិធីនេះ ព្រមទាំងថ្លៃចំណាយខ្ពស់។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន The Hill។

ទីភ្នាក់ងារអវកាសមួយនេះ បានប្រកាសបញ្ឈប់គម្រោងគន្លងវិថី On-orbit Servicing, Assembly, and Manufacturing 1 (OSAM-1) នៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីធ្វើការវាយតម្លៃឡើងវិញ។ ក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ NASA បានឲ្យដឹងថា ការបញ្ឈប់គម្រោងនេះបានកើតឡើងដោយសារតែ ការបន្តមានបញ្ហាបច្ចេកទេស ការចំណាយ និងកាលវិភាគនានា ដូចជាការវិវត្តន៍នៃសហគមន៍កាន់តែទូលំទូលាយ ដែលធ្វើឲ្យវានៅឆ្ងាយពីការចង់បាន ព្រមទាំងបញ្ហាប្រឈមមួយចំនួនទៀត ដែលកើនឡើងដោយមិនបានគ្រោងទុក។

គួរជម្រាបថា សម្រាប់គម្រោង OSAM-1 នេះបានចាប់ផ្តើមនៅឆ្នាំ២០១៥ ដោយ NASAបានចុះកិច្ចសន្យាជាមួយ Maxar រួមជាមួយការធ្វើការជាមួយមជ្ឈមណ្ឌលហោះហើរអវកាស Goddard របស់ NASA ក្នុងរដ្ឋ Maryland ។ អំឡុងពេលដំណើរការគម្រោងមួយនេះ NASA បានរាយការណ៍ពីការ ជួបបញ្ហាជាច្រើន រហូតមានពេលខ្លះប្រកាសពន្យារគម្រោងក៏មាន ដែលរាល់បញ្ហាទាំងនេះ កើតឡើងចំពេលមានការចំណាយខ្ពស់។ រហូតមកទល់នឹងពេលនេះ ទើបសម្រេចប្រកាសបញ្ឈប់គម្រោងនេះតែម្តង៕