(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា មានក្រុមហ៊ុនធំៗចំនួន ៣បន្ថែមទៀតអាចប្រឈមមុខនឹងច្បាប់សហភាពអឺរ៉ុប (EU) ដ៏តឹងតែងក្នុងនោះរួមមាន បណ្តាញផ្សព្វផ្សាយសង្គម X របស់កំពូលមហាសេដ្ឋី Elon Musk, ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok និង Booking.com។ ក្រុមហ៊ុនទាំងនេះត្រូវបានគណៈកម្មការអឺរ៉ុបកំណត់អត្តសញ្ញាណ ជាអ្នកបន្ទាប់ដែលនឹងត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការចាត់តាំងក្នុងការ «ត្រួតពិនិត្យរាល់ការចេញចូល» ក្រោមច្បាប់ទីផ្សារឌីជីថល (DMA)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

ច្បាប់ទីផ្សារឌីជីថល (DMA) របស់សហភាពអឺរ៉ុប បានកំណត់ក្រុមហ៊ុនដែលមានអ្នកប្រើប្រាស់សកម្មប្រចាំខែច្រើនជាង៤៥លាននាក់ និងកំណត់ទៅលើប្រាក់ចំណូល ៧៥ពាន់លានអឺរ៉ូ (ប្រហែល ៨១លានដុល្លារ) ក្នុងមូលធននីយកម្មទីផ្សារសម្រាប់ការត្រួតពិនិត្យរាល់ការចេញចូល ពិសេស គឺសេវាកម្មវេទិកាស្នូលសម្រាប់អ្នកប្រើប្រាស់អាជីវកម្ម ឬ Business Users។

បណ្តាញផ្សព្វផ្សាយសង្គមទាំង ៣ខាងលើនេះនឹងស្ថិតនៅក្រោមការស៊ើបអង្កេតបន្តពីគណៈកម្មការអឺរ៉ុប ប្រសិនបើរកឃើញថា មានចំណុចអវិជ្ជមានណាមួយកើតឡើងរវាងដៃគូប្រជែងនោះទាំង X, ByteDance និង Booking.com នឹងត្រូវបានហាមឃាត់ ឬកំណត់ឱ្យបើកដំណើរការកម្មវិធីផ្សេងបន្ថែមទៀតដូចទៅនឹង iMessgae របស់ Apple ពីមុនអ៊ីចឹង។

ជុំវិញបញ្ហានេះ បើយោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា «គណៈកម្មការឥឡូវនេះមានពេល ៤៥ថ្ងៃធ្វើការដើម្បីសម្រេចថា តើត្រូវកំណត់ជាក្រុមហ៊ុនដែលស្ថិតក្រោមការ ត្រួតពិនិត្យរាល់ការចេញចូល ឬយ៉ាងណា។ ខណៈដែលគណៈកម្មការក៏នឹងវាយតម្លៃទៅលើអំណះអំណាង ដែលត្រូវបានដាក់ស្នើដើម្បីបដិសេធការសន្មតដោយក្រុមហ៊ុនទាំងនេះផងដែរ»

គួរជម្រាបដែរថា ក្នុងចំណោមក្រុមហ៊ុនទាំង ៣នេះ ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ត្រូវបានប្រឈមមុខនឹងច្បាប់សហភាពអឺរ៉ុប ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ មកម្លេះ ប៉ុន្តែTikTok បានជំទាស់នឹងរឿងនោះនៅឯតុលាការកំពូលទីពីររបស់អឺរ៉ុប។ ដោយឡែកចំពោះ Booking.com និង X វិញកំពុងស្ថិតក្នុងការស៊ើបអង្កេត តែ Booking.com បាននិយាយថា ខ្លួនរំពឹងថា នឹងធ្លាក់ចូលទៅក្នុងក្រុមត្រួតពិនិត្យរាល់ការចេញចូល នៅឆ្នាំនេះដោយសារតែការបន្ថែមអ្នកប្រើប្រាស់កាន់តែច្រើន៕