(សៀមរាប)៖ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានជំរុញយុវជនត្រូវនាំគ្នាលេងកីឡា ព្រោះការលេងកីឡានាំមកនូវការជួបជុំគ្នា ជាពិសេសកីឡាជួយពង្រឹងសាមគ្គីភាពនៅក្នុងសង្គម។ កីឡា គឺជាការប្រកួតប្រជែង ដ៏ស្វិតស្វាញមួយដើម្បីជ័យជម្នះ ហើយកីឡាក៏ជាទូកមួយដែលនាំឱ្យគ្រប់គ្នា បានស្គាល់គ្នា បានជួបគ្នា និងមានភាពស្និតស្នាលនឹងគ្នា ហើយក៏ជាទីសុខសន្តិភាពផងដែរ។

លោក សំកុល សុចិត្រា បានជំរុញបែបនេះ នៅក្នុងពិធីបិទការប្រកូតបាល់ទាត់ពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប (U17 SIEM REAP YOUTH CUP) ដោយចាប់ផ្តើមពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់រសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅកីឡាដ្ឋាន «ហនុមាន» ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយមានការចូលរួមពីលោក លោកស្រី ជាប្រធានក្លឹប និងភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាការប្រកួតផងដែរ។

លោក សំកុល សុចិត្រា បានបញ្ជាក់ថា គោលបំណងធំក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា U17 នេះឡើង ដើម្បីជំរុញយុវជនឱ្យមានជំនាញផ្នែកបាល់ទាត់នេះកាន់តែល្អប្រសើរបន្ថែមទៀត។ លើសពីនេះទៅទៀត គឺជំរុញការ លេងបាល់នេះឱ្យកាន់តែខ្លាំង និងមានការប្រកួតប្រជែងគ្នាជាងមុនៗទៅទៀត។ ការប្រកួតទាំងនេះ នឹងធ្វើឱ្យយុវជនចូលរួមមានទំនាក់ទំនងទៅវិញទៅមក ពិសេសរវាងខេត្ត និងខេត្តក្នុងតំបន់ប្រទេសជិតខាងផងដែរ។ ម៉្យាងទៀតកីឡា បានធ្វើឱ្យយុវជនយើងបានចាកចេញឆ្ងាយពីគ្រឿងញៀន និងធ្វើឱ្យមានកាយសម្បទាសុខភាពមាំមួនទៀតផង។

តាមការបញ្ជាក់របស់ប្រធានគណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា យុទ្ធនាការប្រកួតពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ២០២៤ បានចាប់ដំណើរការប្រកួតពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៣ មីនា ឆ្នាំ២០២៤ ជាថ្ងៃបញ្ចប់ការប្រកួត ដោយមានក្រុមកីឡាបាល់ទាត់ ចំនួន៨ក្រុម បានចូលរួមធ្វើការប្រកួត ដោយបានបែងចែកជាពីរពូល គឺ (ពូល A និងពូលB)។ ក្នុងនោះដែរ ពូល A មានក្រុមសៀមរាបយូណាយធីត, ក្រុមយុវជនដំបងធំ, ក្រុមយុវជនដំរី និងក្រុមយុវជន KGM Cambodia និងពូលB មានក្លឹបក្រុមយុវជនផ្លូវជីវិតយូណាយធីត, ក្រុមយុវជន SRBC FC, ក្រុមយុវជនដើម្បីសង្គម និងក្រុមយុវជនឫស្សីស។

លោកបានបន្តថា ដោយប្រើប្រាស់ទីលានប្រកួតចំនួន២ គឺកីឡាដ្ឋានហនុមាន ក្នុងក្រុងសៀមរាប និងទីលានមជ្ឈមណ្ឌលហ្វឹកហាត់ SRU Training Center មានមូលដ្ឋាននៅភូមិខ្នារសណ្តាយ ស្រុកបន្ទាយស្រី។ ឆ្លងកាត់ការប្រកួតវិលជុំក្នុងពូល ៣លើកកន្លងមក ដែលធ្វើតាមរយៈរូបមន្តរបស់គណៈកម្មការ SIEM REAP YOUTH CUP ក្រុមកំពូលតារាង នៃពូលទាំងពីរនឹងចាប់ដៃគ្នាប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។ 

លោកបានបន្តទៀតថា ដើមី្បដណ្តើមជើងឯកការប្រកួតពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី៣ ខែមីនានេះ ក៏មានធ្វើការប្រកួតផ្តាច់ព្រ័ត្រយកចំណាត់ថ្នាក់លេខ១, លេខ២ និងលេខ៣ មានពីរប្រកួត រវាងក្លីបក្រុមយុវជនដំបងធំ ប្រកួតជាមួយក្រុមយុវជនដើម្បីសង្គម ដណ្ដើមយកចំណាត់ថ្នាក់លេខ៣ ជាលទ្ធផលបានទៅក្រុមយុវជនដំបងធំ។

ដោយឡែកចំពោះលទ្ធផល ក្រុមសៀមរាបយូណាយធីត ទទួលបានចំណាត់ថ្នាក់លេខ១ និងក្រុមយុវជន SRBC FC បានចំណាត់ លេខ២ ដោយបានទាត់បញ្ចូលទីចំនួន ៦គ្រាប់ ទល់នឹងសូន្យ៕