(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញដល់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បង្កើនការរៀបចំការប្រកួតទាំងក្នុង និងចេញទៅប្រកួតក្រៅប្រទេសឲ្យបានច្រើន ដើម្បីដុសខាត់សមត្ថភាពកីឡាករ-កីឡាការិនីឆ្ពោះទៅរកភាពជោគជ័យថ្មីៗជូនជាតិបន្ថែមទៀត។

ការជំរុញនេះធ្វើឡើងក្នុងឱកាសលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ ឆ្នាំ២០១៩-២០២៣ និងបន្ដអាណត្តិទី៣ ឆ្នាំ២០២៣-២០២៧ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC ដោយមានការចូលរួមពីលោក ថោង រដ្ឋសក្ដិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ព្រុំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិខាងលើ គឺបានអនុម័តលើរបាការណ៍សកម្មភាពការងារ និងហិរញ្ញវត្ថុ អាណត្តិទី២ និងអនុម័តឯកភាពលើគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ដែលមានបេក្ខភាពសរុបចំនួន ១១រូប ក្នុងនោះមានលោក ថាង ហ្គោដុន ជាប្រធាន, លោក ថោង រដ្ឋសក្ដិ និងលោក វ៉ាត់ ចំរើន ជាអនុប្រធាន។ លោក សោម សុទ្ធរិទ្ធិពង្ស ជាអគ្គលេខាធិការ និងកញ្ញា ងួន តរុណី ជាអគ្គហេរញ្ញិក ព្រំទាំងអគ្គលេខាធិការរង និងសមាជិក ៥រូបផ្សេងទៀត។

លោកបណ្ឌិត ថោង ខុន បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សហព័ន្ធ ដែលក្នុងរយៈពេលខ្លី បានសម្រេចនូវសមិទ្ធផលយ៉ាងល្អប្រសើរពីការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសការទទួលបានជោគជ័យ ក្នុងនាមម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ មរតកស៊ីហ្គេមនេះ គឺជាមូលដ្ឋានមួយដ៏សំខាន់ សម្រាប់សហព័ន្ធបន្ដជំរុញការអភិវឌ្ឍឆ្ពោះទៅរកភាពរីកចម្រើន ពិសេសដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ។

តាមរយៈនេះ លោកទេសរដ្ឋមន្ដ្រីបានជំរុញដល់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិទី៣ ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបាននូវផ្លែផ្កាថ្មីៗ តាមរយៈការបណ្ដុះនូវមនសិការស្នេហាជាតិ និងមានឆន្ទៈមោះមុតទាំងអស់គ្នា។ អ្វីដែលពិសេស គឺការបណ្ដុះបណ្ដាល ដែលក្នុងលក្ខណៈបច្ចេកទេស នឹងរៀបចំឲ្យមានការប្រកួតក្នុងប្រទេស និងចេញទៅប្រកួតក្រៅប្រទេសឲ្យបានច្រើន ដើម្បីជំរុញឲ្យសមត្ថភាព និងបច្ចេកទេសកីឡាករកាន់តែរីកចម្រើន ព្រោះកីឡាបើគ្មានការប្រកួត ក៏មិនអាចរីកចម្រើនបានដែរ។

មួយវិញទៀត សហព័ន្ធត្រូវធ្វើការពង្រឹងសមាគម-ក្លិបដែលជាសមាជិក ទោះបីបច្ចុប្បន្នមានតិចក្លិប តែត្រូវជំរុញក្លិបទាំងអស់នេះឲ្យបានខ្លាំង ក្លាយជាក្លិបស្នូលដ៏សំខាន់ ក្នុងការផលិតធនធានមនុស្ស។ ហើយដើម្បីឆ្លើយតបយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សហព័ន្ធចាំបាត់ក៏ពង្រឹង និងបណ្ដុះបណ្ដាលគ្រូបង្វឹក និងមន្ដ្រីបច្ចេកទេសឲ្យបានល្អផងដែរ ព្រោះគ្រូបង្វឹក គឺជាធនធានមនុស្សគន្លឹះដ៏សំខាន់ ក្នុងការកសាងនូវធនធានកីឡាករខ្លាំងពូកែ។ នេះបើតាមការបញ្ចាក់បន្ថែមរបស់លោកបណ្ឌិត ថោង ខុន៕