(ភ្នំពេញ)៖ អតីតកីឡាករជម្រើសជាតិកម្ពុជា លោក កែវ សុខផេង នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នេះ បានប្រកាសដាក់ដេញថ្លៃស្បែកជើងមួយគូ ដែលជាអនុស្សាវរីយ៍ដ៏មានតម្លៃក្នុងអាជីពបាល់ទាត់របស់ខ្លួន ដើម្បីយកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។

យោងតាមទំព័រហ្វេកបុកផ្លូវការរបស់អតីតកីឡាករក្រុមវិសាខារូបនេះ បានបញ្ជាក់ថា «ថ្ងៃនេះខ្ញុំចង់ប្រកាសដាក់ដេញថ្លៃស្បែកជើងមួយគូ ដែលវាមានតម្លៃសម្រាប់ខ្ញុំខ្លាំងណាស់ ព្រោះឆ្នាំ២០១៩ ខ្ញុំបានទៅលេងវិញ្ញាសាបាល់ទាត់ Sea Games នៅហ្វីលីពីន ហើយក្រុមជម្រើសជាតិកម្ពុជាយើង ក៏បានឆ្លងវគ្គ 4ក្រុមចុងក្រោយជាប្រវត្តិសា្រស្តរយៈពេល ៦៩ឆ្នាំ ដែលយើងមិនបានឆ្លងវគ្គនេះ»

«បន្ទាប់មកហើយពេលដែលចប់ Sea Games ភ្លាម ខ្ញុំក៏ថែរក្សាស្បែកជើងមួយគូនេះទុកជាអនុស្សាវរីយ៍រយៈពេល ៦ឆ្នាំមកហើយ ប៉ុន្តែបេះដូង និងចិត្ត ចង់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំសម្រេចចិត្តដាក់ដេញថ្លៃចំនួន (មួយលានរៀល) ហើយថវិការទាំងអស់ ខ្ញុំនឹងយកជូនមន្ទីររពេទ្យគន្ធបុប្ផា» ។ នេះបើតាមការបញ្ជាក់របស់អតីតខ្សែប្រយុទ្ធឆ្នើមក្រុមគោព្រៃកម្ពុជាខាងលើ ។

គួរដឹងថា កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន សម្រាប់វិញ្ញាសាបាល់ទាត់បុរស កែវ សុខផេង បានរួមចំណែកជាមួយក្រុមជម្រើសជាតិ U22 កម្ពុជា ក្នុងនាមកូតាកីឡាករលើសអាយុ ដោយបានជួយក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ។ បន្ដមកទៀត ដោយសាររបួសរ៉ាំរ៉ៃបានបង្ខំឲ្យកីឡាករដ៏មានប្រជាប្រិយភាពរូបនេះ ចូលនិវត្តន៍ពីអាជីពបាល់ទាត់ កាលពីដើមខែមេសា ឆ្នាំ២០២៣ កន្លងទៅ ៕