(បរទេស)៖ អតីតអនុប្រធានជាន់ខ្ពស់ (SVP) ផ្នែក Hardware Engineering លោក Dan Riccio ដែលជាបុគ្គលដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និងជាមនុស្សជំនិតរបស់ CEO លោក Time Cook ត្រូវបានគេរាយការណ៍មកថា «ជិតចូលនិវត្តន៍» ហើយ បន្ទាប់ពីលោកចូលធ្វើការនៅ Apple នឹងសម្រេចជោគជ័យបានជាច្រើនក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។

លោក Riccio បានដើរតួយ៉ាងសំខាន់នៅក្នុងគម្រោងសំខាន់ៗជាច្រើនក្នុងអំឡុងពេលដែលគាត់កាន់តំណែងនៅ Apple រួមទាំងការដឹកនាំការអភិវឌ្ឍន៍បច្ចេកវិទ្យា Touch ID និង Face ID ក៏ដូចជាត្រួតពិនិត្យការផ្លាស់ប្តូរពីបន្ទះឈីប Intel ទៅការរចនាបន្ទះឈីបក្នុងផ្ទះរបស់ Apple ផ្ទាល់។

ក្រៅពីនេះ លោកក៏បានធ្វើការលើគម្រោងផ្សេងទៀតដូចជា iPad និងកាស Apple Vision Pro ផងដែរ។ ការចូលនិវត្តន៍របស់ Riccio កើតឡើងបន្ទាប់ពីលោកបានលាឈប់ពីតំណែង SVP របស់លោកនៅក្នុងឆ្នាំ២០២១ ដើម្បីងាកទៅផ្តោតលើគម្រោងពិសេសផ្សេងទៀតដែលកំពុងទទួលបានការគាំទ្រខ្លាំងនាពេលបច្ចុប្បន្នគឺ កាស Apple Vision Pro។

គួរជម្រាបដែរថា បន្ទាប់ពីលោក Riccio លាឈប់ពីតួនាទីជាអនុប្រធានជាន់ខ្ពស់ផ្នែក Hardware Engineering ក្រុមហ៊ុន Apple បានតែងតាំងលោក John Ternus ជាអ្នកទទួលបន្ទុក នឹងមើលការខុសត្រូវបន្តចាប់តាំងពីឆ្នាំ២០២១ មក។ ខណៈការចូលនិវត្តន៍របស់លោក Riccio ត្រូវបានគេមើលឃើញថា ជាការបញ្ចប់នៃយុគសម័យមួយនៅក្នុងក្រុមហ៊ុន Apple ជាកន្លែងដែលលោកបានចូលរួមចំណែកយ៉ាងច្រើនអនេកក្នុងការច្នៃប្រឌិតផ្នែក Hardware របស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕