(រ៉ូម)៖ ខ្សែបម្រើស្លាបអ៉ីតាលី និងរបស់ក្លិប Sassuolo កីឡាករ Domenico Berardi នឹងទទួលការវះកាត់ បន្ទាប់ពីរហែកសរសៃពួរសាច់ដុំ នៅជើងខាងស្តាំរបស់លោក។ នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅ Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

លោកនឹងត្រូវខកខានការប្រកួតរហូតដល់ចប់រដូវកាលនេះ និងព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤ ផងដែរ។

Berardi បានរងរបួស ក្នុងការប្រកួតចាញ់ ១-០ ប៉ះក្លិប Hellas Verona នៅថ្ងៃអាទិត្យ ខណៈកីឡាករវ័យ ២៩ឆ្នាំរូបនេះ ទើបតែវិលត្រឡប់មកពីការវះកាត់បន្ទះឆ្អឹងកំភួនជើង ដែលធ្វើឱ្យលោកខកខាន ៦ប្រកួតកន្លងទៅ។

Berardi រកបាន ៨គ្រាប់ ក្នុងការបង្ហាញខ្លួន ២៨លើក សម្រាប់ក្រុមជម្រើសជាតិអ៉ីតាលី។

​គ្រូបង្វឹកក្រុមជម្រើសជាតិអ៉ីតាលី លោក Luciano Spalletti ឥឡូវនេះ អាចត្រូវរៀបចំផែនការ ដោយគ្មានវត្តមានខ្សែបម្រើស្លាបរូបនេះ សម្រាប់ព្រឹត្តិការណ៍ Euro នាឆ្នាំនេះ នៅប្រទេសអាល្លឺម៉ង់ ស្របពេលដែលបញ្ហារបួសនេះ ក៏ជាព័ត៌មានអាក្រក់ សម្រាប់ Sassuolo ដែលកំពុងតស៊ូជាមួយនឹងការកាត់ចេញពី Serie A ផងដែរ។

Sassuolo កំពុងឈរនៅចំណាត់ថ្នាក់ទី២ រាប់ពីបាតតារាង បន្ទាប់ពីរកបានតែ ១ពិន្ទុប៉ុណ្ណោះ ពី៨ប្រកួតចុងក្រោយរបស់ពួកគេ៕