(ម៉ាទ្រីដ)៖ កីឡាករសំខាន់ ២រូបរបស់ក្លិប FC Barcelona បានរងរបួស ក្នុងការប្រកួតក្រៅទឹកដី ទទួលបានលទ្ធផលស្មើ ០-០ ទល់នឹងក្លិប Athletic Bilbao កាលពីរាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

កីឡាករ Frenkie de Jong ត្រូវបានប្តូរចេញក្នុងតង់ទី១ បន្ទាប់ពីដួលយ៉ាងខ្លាំង ហើយបត់កជើងខាងស្តាំ ស្របពេលដែលកីឡាករ Pedri បានចេញពីទីលានដោយស្រក់ទឹកភ្នែក បន្ទាប់ពីបានរងរបួសសាច់ដុំ នៅភ្លៅខាងស្តាំរបស់លោក។

នេះគឺជាបញ្ហារបួសសាច់ដុំលើកទី៣ ហើយដែលបានកើតឡើងចំពោះ Pedri ក្នុងរដូវកាលនេះ ហើយមានន័យថា លោកនឹងមិនអាចលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញនៃមិត្តភាពខាងមុខនោះទេ។

​De Jong និង Pedri គឺជាកីឡាករសំខាន់សម្រាប់ Barcelona ហើយវត្តមានរបស់ពួកគេ នៅក្នុងខ្សែបម្រើ គឺជាកត្តាសំខាន់មួយ ដែលធ្វើឱ្យមានភាពខ្លាំង សម្រាប់ក្រុមដែលដឹកនាំដោយលោក Xavi។

​Pedri និង De Jong ត្រូវគេមើលឃើញថា នឹងខកខានយ៉ាងហោចណាស់ ២ប្រកួតក្នុងលីគនាពេលខាងមុខ ដែលជាការធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវ Mallorca និងដំណើរយ៉ាងលំបាកទៅជួបក្លិប Atletico Madrid៕