(មីឡាន)៖ ក្រុមបាល់ទាត់ Inter Milan បានបង្កើនការនាំមុខកំពូលតារាង Serie A ដាច់ដល់ទៅ ១៥ពិន្ទុគិតត្រឹមសប្តាហ៍ទី២៧ ជើងទី២ នេះ បើធៀបទៅនឹងក្រុមលេខ២ សេះបង្កង់ Juventus ក្រោយពេលយកឈ្នះក្រុមភ្ញៀវ Genoa ២-១ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

តាមរយៈជ័យជម្នះនេះដែរ បានញ៉ាំងឱ្យ Inter លេងឈ្នះចំនួន ២៣លើកពី ២៧ប្រកួតនៅក្របខណ្ឌ Serie A របស់ អ៊ីតាលីសម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤ ក្រោយពេលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ កាលលេងជើងទី១ នៅក្នុងផ្ទះរបស់ Genoa នាឆ្នាំ២០២៣។

ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន San Siro កីឡាករ Kristjan Asllani ជាអ្នករកបានគ្រាប់បើកឆាក នៅមុនពេល Alexis Sanchez ធ្វើបានសម្រេចគ្រាប់ទី២ ដោយបាល់ប៉េណាល់ទី ហើយក៏ជាគ្រាប់ទី៣ របស់ខ្សែប្រយុទ្ធអន្តរជាតិឈីលីផងដែរជាមួយ Inter Milan នារដូវកាលនេះ។

យ៉ាងណាក៏ដោយ កីឡាករ Johan Vasquez ក៏ធ្វើបានសម្រេច ១គ្រាប់ផងដែរ ក្រោយពីការសម្រាកវគ្គទី១ មក ក៏ប៉ុន្តែមិនអាចរារាំង Inter Milan ក្នុងការទទួលបានជ័យជម្នះលើកទី៩ ក្នុងលីគជាប់ៗគ្នាបានទេ ហើយក៏ជាជ័យជម្នះលើកទី១២ គ្រប់កម្មវិធីរបស់ពួកគេដែរ ដោយរកបាន ៧២ពិន្ទុក្នុងលីគ គ្រាដែល Juventus មានតែ ៥៧ពិន្ទុប៉ុណ្ណោះ៕