(អង់គ្លេស)៖ UK Sport ដែលជាទីភ្នាក់ងាររដ្ឋាភិបាល ក្នុងការទទួលខុសត្រូវលើការវិនិយោគកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកក្នុងចក្រភពអង់គ្លេស ជាមួយនឹងស្ថាប័នគ្រប់គ្រងកីឡាអត្តពលកម្មចក្រពភអង់គ្លេស UK Athletics បានបង្ហាញគម្រោងនឹងធ្វើការដេញថ្លៃរៀបចំព្រឹត្តិការណ៍ជើងឯកអត្តពលកម្មពិភពលោក World Athletics Championships 2029, នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

រំលឹកផងថា ទីក្រុងឡុងដ៏ របស់ចក្រភពអង់គ្លេស ក៏ធ្លាប់បានទទួលការរៀបចំព្រឹត្តិការណ៍ World Athletics Championships លើកចុងក្រោយកាលឆ្នាំ២០១៧ ដែលពេលនោះមានកីឡាករអត្តពលកម្មប្រមាណ ២០៣៩នាក់ចូលរួមមកពី ២០៥ប្រទេស ជាមួយការប្រកួតប្រជែង ៤៨ វិញ្ញាសា។

ជាមួយគ្នានេះ មានប្រទេសអេស្ប៉ាញ, ឥណ្ឌា, កេនយ៉ា ក៏ត្រូវបានបង្ហាញថា មានគោលការណចូលរួមដេញថ្លៃព្រឹត្តិការណ៍នេះផងដែរ។

ថ្មីៗនេះ ទីក្រុង Glasgow ក៏ទើបបានបញ្ចប់ការប្រកួតជើងឯកកីឡាអត្តពលកម្មកម្រិត World Athletics Indoor Championships 2024 កាលពីសប្តាហ៍មុននេះផងដែរ ខណៈទីក្រុង Birmingham នឹងធ្វើទទួលរៀបចំព្រឹត្តិការណ៍ប្រចាំទ្វីបអឺរ៉ុប European Athletics Championship 2026 ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី០៣-០៩ ខែសីហា។

ជាមួយគម្រោងការដេញថ្លៃនេះ និងត្រូវបានសម្រេចជាផ្លូវការដោយទីភ្នាក់ងារផ្តល់មូលនិធិ UK Sport នាថ្ងៃអង្ការនេះ ខណៈប្រទេសជប៉ុន នឹងរៀបចំនៅឆ្នាំ២០២៥ គ្រាដែលកាលពីខែមុន ទីក្រុងប៉េកាំង ប្រទេសចិន ក៏មានឈ្មោះរៀបចំព្រឹត្តិការណ៍នេះនៅឆ្នាំ២០២៧៕