(បរទេស)៖ នៅដើមខែមីនានេះ អនុប្រធានាធិបតីរបស់ប្រទេសប្រេស៉ីល បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota នឹងវិនិយោគជាទឹកប្រាក់ ២.២ពាន់លានដុល្លារ សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ នៅក្នុងប្រទេសប្រេស៊ីល ប៉ុន្តែមិនទាន់បញ្ជាក់លំអិតថា នឹងវិនិយោគលើអ្វីឲ្យប្រាកដឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។

ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ជាលើកដំបូងអំពីការវិនិយោគថ្មីនោះ។ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ប្រទេសប្រេស៊ីល លោក Geraldo Alckmin បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយថា ការវិនិយោគនឹងត្រូវបង្ហាញនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Toyota ក្នុងទីក្រុង Sorocaba រដ្ឋ Sao Paulo ។

លោកបានបន្ថែមថា ការវិនិយោគនេះត្រូវបានគេរំពឹងថា នឹងបង្កើតការងារបានចំនួន ២,០០០ កន្លងដល់ប្រជាជននៅទីនោះ។ សារព័ត៌មានក្នុងស្រុក O Globo បានឲ្យដឹង ការវិនិយោគនេះ នឹងផ្តោតលើការផលិតរថយន្តកូនកាត់ និងរថយន្តស្ព័រ (SUV) នៅក្នុងអង្គភាព Sorocaba។ តែយ៉ាងណា មិនបានបញ្ជាក់អំពីម៉ូដែលដែលនឹងផលិតនោះឡើយ។

គួរជម្រាបថា Toyota នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តពិភពលោកចុងក្រោយបំផុត ដែលនឹងបង្ហាញផែនការសម្រាប់ការវិនិយោគបន្ថែមក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុន Volkswagen, General Motors និង Hyundai Motor៕