(ភ្នំពេញ)៖ អគ្គលេខាធិការ និងគ្រូបង្វឹក បានក្លាយជាមនុស្សគន្លឹះ ដែលត្រូវធ្វើកែទម្រង់ និងពង្រឹងបន្ថែម តាមគ្រប់សហព័ន្ធកីឡាជាតិ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាជាតិឲ្យកាន់រីកចម្រើន។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់មហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ កាលពីថ្មីៗ។

មន្ដ្រីកីឡាជំនាញជាន់ខ្ពស់កម្ពុជារូបនេះបានគូសបញ្ជាក់ថា ការពង្រឹងស្ថាប័ន និងអង្គភាពកីឡា គឺជាទិសដៅ ត្រូវពង្រឹងចាប់ពីឆ្នាំនេះ ដើម្បីឆ្លើយតបយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងវិធានគន្លឹះនៃកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងអនុវិស័យកីឡា ហើយ NOCC ក៏ត្រូវពង្រឹងដូចគ្នា។ ប៉ុន្ដែអ្វីសំខាន់ គឺសហព័ន្ធកីឡាជាតិ ដែលជាម្ចាស់នៃការអភិវឌ្ឍជំនាញ។

ចំពោះការធ្វើកំណែទម្រង់សហព័ន្ធ ចាំបាច់ត្រូវធ្វើការកែទម្រង់មនុស្សជាមុន។ ដូច្នេះ NOCC បានកំណត់ទិសស្លោកចំនួន២ ដើម្បីពង្រឹងយន្ដការគ្រប់គ្រង និងដឹកនាំសហព័ន្ធកីឡាជាតិ ទី១-អគ្គលេខាធិការល្អ សហព័ន្ធដំណើរការល្អ និងទី២-គ្រូបង្វឹកល្អ កីឡាករខ្លាំងពូកែ។ ការដាក់ចេញនូវទិសស្លោកនេះ ព្រោះអគ្គលេខាធិការ និងគ្រូបង្វឹក គឺជាមនុស្សគន្លឹះ ដែលចាំបាត់ត្រូវការបណ្ដុះបណ្ដាលច្បាស់លាស់ ដើម្បីធានាបាននូវការអភិវឌ្ឍ ទាំងជំនាញរដ្ឋបាល និងបច្ចេកទេស។

លោកបន្ដថា «មនុស្សគន្លឹះក្នុងសហព័ន្ធ គឺអគ្គលេខាធិការ ជាអ្នកមើលការងារខុសត្រូវក្នុងការរៀបចំយន្ដការប្រចាំថ្ងៃរបស់សហព័ន្ធឲ្យមានសង្គតិភាព តើយើងគួរតែធ្វើការកែទម្រង់អគ្គលេខាធិការកម្រិតណា ជួយបណ្ដុះបណ្ដាលកម្រិតណា ឧបត្ថម្ភគាំទ្រកម្រិតណា ឬក៏មើលការខុសត្រូវក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបន្ថែម ឬភាពជាអ្នកដឹកនាំបន្ថែមទៅលើគាត់ឲ្យមានចំណេះដឹងខ្ពស់ខ្ពស់ ទៅលើជំនាញផង និងការដឹកនាំគ្រប់គ្រងផង ដើម្បីឲ្យសហព័ន្ធដំណើរការល្អ។

«គន្លឹះសំខាន់មួយទៀត គឺគ្រូបង្វឹក។ គ្រូបង្វឹក គឺជាអ្នកដឹកនាំក្នុងការអភិវឌ្ឍន៍ជំនាញ។ បើគ្រូបង្វឹកល្អ គឺធ្វើឲ្យកីឡាករមានសក្ដានុពល ធ្វើឲ្យកីឡាករមានគុណផលល្អ។ អ៊ីចឹងយើងកែទម្រង់ ២នេះ ឲ្យបានក្នុងឆ្នាំនេះ...»។ លោក វ៉ាត់ ចំរើន បន្ថែម។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបានឲ្យដឹងថា ការធ្វើកំណែទម្រង់នេះ គឺដើម្បីធានាបាននូវការអភិវឌ្ឍជំនាញកីឡាកម្រិតខ្ពស់ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាកីឡាស៊ីហ្គេម ២ឆ្នាំម្ដង និងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ក៏ដូចជាដំណើរឆ្ពោះទៅស្វែងរកមេដាយអូឡាំពិក ឆ្នាំ២០៣២ ផងដែរ៕