(បរទេស)៖ អតីត CEO បណ្តាញផ្សព្វផ្សាយសង្គម Twitter គឺលោក Parag Agrawal ព្រមទាំងអតីតបុគ្គលិកជាន់ខ្ពស់ចំនួន ៣រូប បានប្តឹងកំពូលមហាសេដ្ឋីលោក Elon Musk ទាមទារប្រាក់បំណាច់ជាង ១២៨លានដុល្លារ ដោយបានអះអាងថា Musk បានបណ្តេញពួកគេដោយគ្មានមូលហេតុ និងបានចោទប្រកាន់ពូកគេពីបទប្រព្រឹត្តខុសគោលការណ៍ ដើម្បីយកលេសមិនព្រមបង់ប្រាក់បំណាច់ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍បានឱ្យដឹងថា បណ្តឹងនេះត្រូវបានដាក់នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហើយត្រូវបានគេកត់សម្គាល់ឃើញថា ជាបញ្ហាផ្លូវច្បាប់ចុងក្រោយបង្អស់ដែលកំពូលមហាសេដ្ឋីលោក Elon Musk ប្រឈមមុខ បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ក្នុងតម្លៃប្រមាណ ៤៤ពាន់លានដុល្លារក្នុងខែតុលា ឆ្នាំ២០២២ កន្លងទៅ ហើយក្រោយមកបានប្តូរឈ្មោះទៅជា «X» ជំនួសវិញ។

យ៉ាងណាមិញជុំវិញការប្តឹងប្តល់នេះ ក្រៅពីអតីត CEO លោក Parag Agrawal ត្រូវបានគេឱ្យដឹងនៅមានដើមបណ្តឹងចំនួន ៣រូបផ្សេងទៀតដែលជាបុគ្គលិជាន់ខ្ពស់រូមមានលោក Ned Segal អតីតប្រធានផ្នែកហិរញ្ញវត្ថុ លោកស្រី Vijaya Gadde អតីតប្រធានផ្នែកច្បាប់ និងលោក Sean Edgett អតីតទីប្រឹក្សារបស់ Twitter។ ដោយឡែកនៅក្នុងពាក្យបណ្តឹងនោះ ត្រូវបានដើមបណ្តឹងលើកឡើងថា Musk មិនព្រមបង់ប្រាក់បំណាច់ឆ្នាំដល់នាយកប្រតិបត្តិ Twitter ជាច្រើនរូប ថែមទាំងជំពាក់ប្រាក់ខែរបស់ពួកគេមួយឆ្នាំពេញ និងជម្រើសភាគហ៊ុនរាប់រយពាន់ឯណោះ។

តែយ៉ាងណាជុំវិញការប្តឹងប្តល់នេះខាងនាយកប្រតិបត្តិ (CEO) បណ្តាញផ្សព្វផ្សាយសង្គម X បច្ចុប្បន្នលោក Elon Musk នៅមិនទាន់មានការឆ្លើយតបនៅឡើយនោះទេ៕