(ភ្នំពេញ)៖ ឥឡូវនេះ អ្នកប្រើប្រាស់អេប Wing Bank ទាំងអស់នឹងទទួលបានរង្វាន់ជា Wingcoin ភ្លាមៗរាល់ពេលធ្វើប្រតិបត្តិការ ដែលជួយទៅដល់អតិថិជនសន្សំបានកាន់តែច្រើន ហើយអាចទិញទំនិញបានច្រើនជាងមុន ថែមទៀតផង។

ធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឱ្យដំណើរការផលិតផល ដ៏មានភាពទាក់ទាញថ្មីមួយនៅក្នុងទីផ្សារនោះគឺ Wingcoin ដែលជាកម្មវិធីផ្តល់រង្វាន់ដំបូងគេដំណើរការ ដោយបច្ចេកវិទ្យាប្លុកឆេន​ ដើម្បី​ជួយសម្រួលការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃ ទៅដល់អ្នកប្រើប្រាស់ក្នុងការចំណាយ ដោយទទួលបានមកវិញនូវការសន្សំបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ Wingcoin ផ្តល់ជូនអ្នកប្រើប្រាស់ទទួលបាននូវពិន្ទុរង្វាន់ដ៏ច្រើន រាល់ពេលដែលធ្វើប្រតិបត្តិការតាម​អេប​​ Wing Bank។ ប្រតិបត្តិការហិរញ្ញវត្ថុទាំងនោះ មានដូចជាការវេលុយទៅមិត្តភក្កិ សមាជិកគ្រួសារ ឬមនុស្សជាទីស្រលាញ់ តាមរយៈការប្រើប្រាស់គណនីធនាគារ វីង ដូចគ្នា, ការបញ្ចូលលុយតាមទូរសព្ទសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធសែលកាត, ក៏ដូចជាការប្រើមុខងារ KHQR ឬ Wingpay សម្រាប់ការស្កេនទូទាត់នៅតាមហាង ដែលចូលរួមជាមួយកម្មវិធីផ្តល់រង្វាន់នេះ។

លោក ហាន​ ប៉េងក្វាង អគ្គនាយកធនាគារ វីង​ បានលើកឡើងថា «Wingcoin តំណាងឱ្យការបញ្ចូលគ្នារវាង ភាពច្នៃប្រឌិត និងការជំរុញលើកទឹកចិត្ត ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទទួលយកបទពិសោធន៍នៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ មានភាពងាយស្រួល និងទទួលបានរង្វាន់ថែមទៀតផង»

ចំនួន ១០០​ Wingcoin មានតម្លៃស្មើនឹងទឹកប្រាក់ ១ដុល្លារ ហើយរង្វាន់នេះមានសុពលភាពរហូតដល់រយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃដែលទទួលបាន ដែលការផ្តល់ជូននេះនឹងជំរុញលើកទឹកចិត្ត អ្នកប្រើប្រាស់ធ្វើប្រតិបត្តិការញឹកញាប់ ហើយទទួលបានរង្វាន់បានកាន់តែច្រើន។ ភាពបត់បែនរបស់ Wingcoin លើសពីកម្មវិធីផ្តល់រង្វាន់ទូទៅ មានន័យថា អតិថិជនអាចប្រើប្រាស់ Wingcoin ប្តូរជាមួយនឹងផលិតផលជាង ១សែន​មុខ នៅលើថ្នាលទិញទំនិញតាមអ៊ីនធឺណិត Wingmall ដែលមានទំនិញ និងផលិតផលជាច្រើនប្រភេទរួមមាន គ្រឿងអេឡិចត្រូនិច, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, ភេសជ្ជៈ, ម្ហូបអាហារឆ្ងាញ់ៗ និងទំនិញជាច្រើនប្រភេទផ្សេងទៀត។ បន្ថែមលើនេះ អតិថិជនក៏ទទួលបាននូវភាពរីករាយ ជាមួយនឹងការប្រើប្រាស់ Wingcoin សម្រាប់ការបញ្ចូលលុយតាមទូរសព្ទប្រព័ន្ធសែលកាត របស់ប្រតិបត្តិករទូរគមនាគមន៍ CAMGSM Plc ផងដែរ។

លោក ហាន ប៉េងក្វាង បានបន្ថែមថា «ចក្ខុវិស័យរបស់យើងចំពោះ Wingcoin គឺដើម្បីផ្តល់នូវគុណតម្លៃសម្រាប់អ្នកប្រើប្រាស់ ដោយប្រាកដថា រាល់ប្រតិបត្តិការនីមួយៗមិនត្រឹមតែទទួលបានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការសន្សំដែលអាចទទួលបានកាន់តែច្រើន ដែលរាល់ការចំណាយតិចតួចក្តីក៏ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត»

ក្រៅពីការផ្តល់ជូនទៅកាន់អ្នកប្រើប្រាស់ទូទៅ Wingcoin ក៏ផ្តល់អត្ថប្រយោជន៍ទៅដល់ដៃគូសាជីវកម្ម និងម្ចាស់អាជីវកម្មនានាផងដែរ ដែលនឹងរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើន អាជីវកម្មរបស់ពួកគេតាមរយៈការផ្សារភ្ជាប់ ទំនាក់ទំនងដ៏ល្អប្រសើរជាមួយអតិថិជន។

ដើម្បីលើកទឹកចិត្តទៅដល់អ្នកប្រើប្រាស់ ទទួលយកបទពិសោធន៍កាន់តែសំបូរបែបបន្ថែមទៀតនោះ ធនាគារ វីង បានផ្តល់បន្ថែមនូវកម្មវិធីបើកកេសយករង្វាន់ ដែលផ្តល់ជូនយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់អេប Wing Bank។ កម្មវិធីនេះដំណើរការរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដែលអនុញ្ញាតទៅដល់អ្នកចូលរួម មាន​ឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ ប្រចាំខែ ដែលរួមាន ឱកាសឈ្នះរង្វាន់ចាប់ពី ២០ Wingcoin រហូតដល់ ១០.០០០ Wingcoin, ទូរសព្ទ iPhone 15 Pro Max ទូរទស្សន៍ LG 65 អ៊ិញ ទូទឹកកកម៉ាក LG។ សម្រាប់រង្វាន់ប្រចាំត្រីមាសវិញរួមមាន ម៉ូតូ Scoopy ស៊េរីថ្មីឆ្នាំ២០២៤ និងរង្វាន់ធំជាមាសសុទ្ធទម្ងន់ ០.៥kg។

មុខងារទូទាត់ KHQR របស់ធនាគារ វីង មានការប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងសហគមន៍អាជីវកម្មលក់រាយជាច្រើន ដោយបច្ចុប្បន្នមានប្រមាណ ១៦៥.០០០អាជីវករ ទទួលបានអត្ថប្រយោជន៍ ពីដំណើរការទូទាត់ដ៏ងាយស្រួល និងជំរុញប្រតិបត្តិការអាជីវកម្មរបស់ពួកគេ កាន់តែមានប្រសិទ្ធភាព។

ស្របពេលដែលអាជីវករកាន់តែច្រើនឡើងៗ ទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ Wingcoin នោះការចូលរួមជាមួយកម្មវិធីផ្តល់រង្វាន់នេះ នឹងមានការឡើងជាលំដាប់ ដោយបច្ចុប្បន្នមានប្រមាណជាង ៥២.០០០អាជីវករ បានចូលរួមជាមួយកម្មវិធី Wingcoin ហើយចំនួននេះនឹងបន្តកើនជារៀងរាល់ថ្ងៃ៕