(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត ក្រុមគ្រួសារតារាកំប្លែងជើងចាស់អ្នកស្រី ជុំ រស្មី ហៅស្រីទូច និងក្មួយស្រីតារាចម្រៀងល្បីឈ្មោះកញ្ញា ស៊ូ ស៊ីរីកា បានចេញមុខទទូចដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំដែលពាក់ព័ន្ធ និងតុលាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ជុំវិញសំណុំរឿងបណ្ដាំមរតករបស់អ្នកស្រី កែវ មន្ថា ដែលបានអូសបន្លាយអស់រយៈពេលជាង២ឆ្នាំមកហើយ និងពុំទទួលបាននូវយុត្តិធម៌ណាមួយ សម្រាប់ក្រុមគ្រួសាររបស់ខ្លួន បន្ទាប់ពីការសម្រេចក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីជាង២ឆ្នាំមុន។

ការចេញមុខមកតតាំងជាថ្មី និងប្រកាសស្វែងរកយុត្តិធម៌ដល់គ្រួសាររបស់ខ្លួនបែបនេះ គឺត្រូវបានធ្វើឡើងជាសាធារណៈក្នុងសន្និសីទកាសែតមួយ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមវត្តមានអ្នកសារព័ត៌មាន, មហាជន និងសាច់ញាតិជាច្រើននាក់។ ក្នុងនោះក៏មានវត្តមានតារាកំប្លែង ​នាយ​ត្រដក់ ដែលជាស្វាមីតារាកំប្លែង ជុំ រស្មី ហៅស្រីទូច​ ចូលរួមផងដែរ។

ចាប់ផ្ដើមថ្លែងឡើងជាដំបូងភ្លាម តារាកំប្លែង ជុំ រស្មី ហៅស្រីទូច បានបង្ហាញអារម្មណ៍ឈឺចាប់ ខណៈអ្នកស្រីនិងសមាជិកក្រុមគ្រួសារ បានខិតខំអស់ពីលទ្ធភាពហើយ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដើម្បីតតាំងតាមផ្លូវតុលាការ ជាមួយនឹងភាគីស្វាមីរបស់អ្នកស្រី កែវ មន្ថា ដែលមិនព្រមអនុវត្តន៍តាមបណ្ដាំមរតក ហើយថែមទាំងបានបណ្ដេញសមាជិកជាកូនចៅបង្កើតរបស់អ្នកស្រី កែវ មន្ថា ចេញពីផ្ទះដែលធ្លាប់រស់នៅជួបជុំគ្នា តាំងពីយូរមកហើយនោះទៀតផង។ ក្នុងនោះក៏មានក្មួយស្រីរបស់អ្នកស្រី គឺតារាចម្រៀង ស៊ូ ស៊ីរីកា ម្នាក់ផងដែរ។

តារាកំប្លែកអ្នកស្រី ជុំ រស្មី ហៅស្រីទូច បានទទូចក្នុងនាមក្រុមគ្រួសារទាំងអស់ ដែលកំពុងរងភាពអយុត្តិធម៌ សូមអំពាវនាវយ៉ាងទទូចដល់ក្រសួងយុត្តិធម៌ ដែលមានលោក កើត រិទ្ធ ជារដ្ឋមន្ត្រី និងស្ថាប័នតុលាការនៃសាលាឧទ្ធរណ៍ មេត្តាជួយពន្លឿនរឿងក្តីនេះ ឲ្យទទួលបាននូវចំណែក ៥០ភាគរយ ដល់សមាជិកគ្រួសារទាំងអស់ តាមបណ្ដាំមរតកដែលអ្នកស្រី កែវ មន្ថា បានបន្សល់ទុកមុនពេលទទួលមរណភាព។ ម្យ៉ាងទៀត ពេលនេះសមាជិកគ្រួសារជាច្រើន កំពុងគ្មានផ្ទះជ្រកកោណនោះទេ និងត្រូវរស់នៅយ៉ាងលំបាកវេទនា។

បន្ទាប់ពីបង្ហាញឯកសារមួយបាច់ធំរួចមក ថ្លែងនៅក្នុងសន្និសីទជាសាធារណៈនៅថ្ងៃនេះ អ្នកស្រី ជុំ រស្មី ហៅស្រីទូច បានបញ្ជាក់ថា «ពេលនេះខ្ញុំ និងគ្រួសារសូមទទូចស្នើដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមលោកជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារនាងខ្ញុំផង ព្រោះឥឡូវនេះក្រសួងបានប្រកាសថា រាល់រឿងក្ដីណាដែលមានភាពមិនប្រក្រតី សូមប្រជាពលរដ្ឋប្ដឹងទៅកាន់ក្រសួងយុត្តិធម៌ ហើយឥឡូវនេះនាងខ្ញុំ សូមឲ្យក្រសួងជួយដល់ពលរដ្ឋ​ ជាពិសេសសំណុំរឿងបណ្ដាំមរកតរបស់ម្ដាយនាងខ្ញុំ ដែលខ្ញុំទាមទារត្រឹមតែចំណែកនាងខ្ញុំប៉ុណ្ណោះ»

អ្នកស្រី ជុំ រស្មី បញ្ជាក់ថា អ្វីដែលអ្នកស្រីរួមទាំងបងប្អូនកូនចៅ ដែលក្នុងនោះក៏មានតារាចម្រៀងកញ្ញា ស៊ូ សីរីកា ផងនោះ គឺចង់ឲ្យមានការផ្តល់ភាពយុត្តិធម៌ ចំពោះក្រុមគ្រួសាររបស់អ្នកនាង ដូចដែលមានសរសេរនៅក្នុងលិខិតបណ្តាំមរតករបស់លោក ស្រី កែវ មន្ថា ដែលជាម្តាយ និងជីដូន។ ប៉ុន្តែរហូតមកដលពេលនេះ អ្នកស្រីនៅមិនទាន់ទទូលបានដំណោះស្រាយផ្លូវច្បាប់ណាមួយ ដែលស្របនឹងឆន្ទៈរបស់មរតកជនលោកស្រី កែវ មន្ថា ឬដំណោះស្រាយណាមួយសមរម្យដែលរូបអ្នកស្រី និងសមាជិកគ្រួសារទាំងអស់អាចទទួលយកបាននៅឡើយ ស្របពេលសំណុំរឿងនេះកំពុងនៅក្នុងដៃ របស់សាលាឧទ្ធរណ៍នៅឡើយ។

ជាមួយគ្នានេះតារាចម្រៀង ស៊ូ ស៊ីរីកា ដែលត្រូវជាក្មួយស្រី ក៏បានបានអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំ ឱ្យរកយុតិ្តធម៌យ៉ាងពិតប្រាដកពីប្រព័ន្ធតុលាការ ព្រោះថារឿងក្តីនេះ កំពុងដំណើរការដល់សាលាឧទ្ធរណ៍ ក៏ប៉ុន្តែមិននៅទាន់ទទួលបានយុតិ្តធម៌ សម្រាបរូបនាងនៅឡើយ។ ដូច្នេះហើយ ស៊ូ ស៊ីរីកា បានអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំឱ្យជួយរកយុតិ្តធម៌ដល់រូបនាង ព្រោះពេលនេះនាងកំពុងតែមានជីវភាពលំបាកខ្លាំង។

បើតាមតារាចម្រៀង ស៊ូ ស៊ីរីកា បានរំឭកថា តាំងពីកើតរហូតដល់ដឹងក្ដី នាងបានរស់នៅក្រោមការមើលថែទាំយ៉ាងល្អបំផុតពីជីដូន គឺលោកស្រី កែវ មន្ថា ហើយប្រៀបបានទៅនឹងម្ដាយនិងកូនដូច្នេះដែរ។ ជីដូនរបស់នាងបានផ្គត់ផ្គង់គ្រប់បែបយ៉ាង សូម្បីតែលុយដែលនាងរកបានពីការច្រៀងកន្លងមក ក៏ផ្ញើជាមួយជីដូនជាអ្នកទុកដាក់ឱ្យដែរ។ ប៉ុន្តែបន្ទាប់ពីលោកស្រី កែវ មន្ថា បានទទួលអនិច្ចកម្មទៅ មិនបានប៉ុន្មាន ទ្រព្យសម្បត្តិទាំងឡាយ ដែលជីដូនទិញជាអំណោយទាំងអស់ត្រូវបានដកហូត សូម្បីតែផ្ទះវីឡាដែលធ្លាប់រួមរស់ជាមួយជីដូនរហូតមក ក៏ត្រូវបានស្វាមីរបស់ជីដូនបណ្ដេញចេញ រួមជាមួយនឹងសមាជិកដទៃទៀតផងដែរ៕