(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា កម្ពុជាត្រៀមកីឡាករ-កីឡាការិនីប្រមាណ ១០០នាក់ ដើម្បីចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាក្នុងសាល និងយុទ្ធគុនចម្រុះអាស៊ី លើកទី៦ (6th Asian Indoor and Martial Arts Games) នៅប្រទេសថៃ ចាប់ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីលោក វ៉ាត់ ចំរើន បានដឹកនាំប្រតិភូកីឡាកម្ពុជា ចូលរួមកិច្ចប្រជុំនាយបេសកកម្មការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះអាស៊ី តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែមីនាកន្លងទៅ នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពីនាយបេសកកម្ម នៃបណ្ដាប្រទេសសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ីទាំងអស់ ។

មន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជាខាងលើ បានបន្ថែមថា កិច្ចប្រជុំនេះ ផ្ដោតការយកចិត្តទុកដាក់ទៅលើព័ត៌មានដែលពាក់ព័ន្ធទៅលើការរៀបចំរបស់ម្ចាស់ផ្ទះ ទៅតាមគោលការណ៍របស់អូឡាំពិកអាស៊ី បានឲ្យនាយបេសកកម្មគ្រប់ប្រទេសទាំងអស់ ត្រៀមលក្ខណៈរៀបចំបញ្ជូលកីឡាករ-កីឡាការិនី និងធ្វើការចុះឈ្មោះឲ្យបានទាន់ពេលវេលាទៅតាមការកំណត់របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងរបស់ម្ចាស់ផ្ទះថៃ ។

ព្រឹត្តិការណ៍កីឡាកម្រិតទ្វីបអាស៊ីនេះ គឺស្ថិតក្រោមការគ្រប់គ្រងដឹកនាំ ចង្អុលបង្ហាញ និងតម្រង់ទិសផ្ទាល់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី ហើយម្ចាស់ផ្ទះថៃ កំពុងមមាញ្ញឹកត្រៀមរៀបចំទទួលប្រតិភូកីឡាទាំងអស់ ក៏ដូចជារៀបចំទីតាំង និងរៀបចំបដិសណ្ឋារកិច្ចជាដើម ដោយថៃ បានកំណត់ទីតាំងក្រុងបាងកក និងខេត្តច័ន្ទបុរី រៀបចំរៀបចំព្រឹត្តិការណ៍ ។ រីឯការងារបច្ចេកទេសមួយចំនួន គឺក្រុមប្រឹក្សាអូឡាំពិកអាស៊ី ជាអ្នករៀបចំ ។

លោក វ៉ាត់ ចំរើន បន្តថា «ចំពោះប្រតិភូកម្ពុជា គឺយើងត្រៀមចូលរួមក្នុងការប្រកួតនេះ យកតាមចំនួនកំណត់មួយ ដោយយកតែប្រភេទកីឡាដែលមានក្នុងកម្មវិធី នៅប្រទេសថៃ ហើយជាប្រភេទកីឡា ដែលមានសក្កដានុពលខ្លាំងនៅកម្ពុជាប៉ុណ្ណោះ ។ ក្នុងនោះយើងត្រៀមមិនច្រើននោះទេ គឺត្រឹមតែកីឡាករ-ការិនីប្រហែលក្នុង រង្វង់ ១០០នាក់តែប៉ុណ្ណោះ ក្នុងចំណោម ៣៨ប្រភេទកីឡា ដែលមានក្នុងការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះអាស៊ីនេះ» ។

ក្រោយបញ្ចប់កិច្ចប្រជុំ ប្រតិភូកីឡាកម្ពុជា បានទទួលនូវព័ត៌មានច្បាស់លាស់ ហើយនឹងយកព័ត៌មាននេះ ដើម្បីធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា មជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសហព័ន្ធកីឡាជាតិ ដើម្បីត្រៀមលក្ខណៈឲ្យបានល្អប្រសើរ សម្រាប់ត្រៀមចូលរួមការប្រកួតកម្រិតទ្វីបអាស៊ី នេះ ដែលជាការប្រកួតកម្រិតខ្ពស់ ព្រោះមានបណ្ដាប្រទេសខ្លាំងៗជាច្រើនចូលរួម ហើយកម្ពុជា ក៏ចាត់ទុកការប្រកួតនេះ គឺជាឱកាសធ្វើតេស្ដសាកល្បង សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅថៃ នាឆ្នាំ២០២៥ ខាងមុខផងដែរ ៕