(បរទេស)៖ អង្គភាពបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Amazon.com គឺ Amazon Web Services ដែលបម្រើសេវាកម្មផ្នែក Cloud បាននិយាយនៅដើមសប្តាហ៍នេះថា ខ្លួននឹងបើកដំណើរការមជ្ឈមណ្ឌលទិន្នន័យថ្មីនៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០២៦ ជាមួយនឹងផែនការវិនិយោគចំនួន ៥.៣ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

គម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះត្រូវបានគេឱ្យដឹងថា ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងផ្តល់ជូនអតិថិជននៅក្នុងតំបន់ ដូចជាក្រុមហ៊ុនទូរគមនាគមន៍អារ៉ាប៊ីសាអូឌីត SJSC, Seera Holding និង Mobily ជាមួយនឹងការផ្ទុកមាតិកាដែលមានសុវត្ថិភាព និងបន្ទុកការងារលឿនជាងមុន។

ការវិនិយោគនេះនឹងបង្កើតតំបន់ហេដ្ឋារចនាសម្ព័ន្ធ AWS នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តល់ជូនអ្នកប្រើប្រាស់កាន់ងាយស្រួលជាងមុនជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍ ឬ developer អាជីវកម្ម Startups សហគ្រាស ផ្នែកសុខភាព (healthcare) ផ្នែកអប់រំ ហ្គេម និងអង្គការមិនរកប្រាក់ចំណេញជាដើម នូវឱកាសដើម្បីដំណើរការកម្មវិធី ក៏ដូចជាបម្រើអ្នកប្រើប្រាស់ និងរក្សាទុកទិន្នន័យក្នុងដៃផ្ទាល់។

គួរជម្រាបដែរថា គំនិតផ្តួចផ្តើមនេះស្របតាមកិច្ចខិតខំប្រឹងប្រែងបំប្លែងឌីជីថលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយនឹងរួមចំណែកក្នុងការបំពេញតម្រូវការខ្ពស់សម្រាប់សេវាកម្ម Cloud នៅក្នុងតំបន់៕