(ម៉ូនិច)៖ ក្រុមជើងឯកអាល្លឺម៉ង់ FC Bayern Munich បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League ឆ្នាំ២០២៣-២០២៤ ជាបន្តទៀត បន្ទាប់ពីបំបាក់ Lazio ៣-០ ក្នុងជើងទី២ នាយប់មិញនេះ នៅពេលខ្សែប្រយុទ្ធរបស់ពួកគេ Kane កើនគ្រាប់បាល់ ៣៣គ្រាប់ហើយគ្រប់កម្មវិធីប្រកួត។ នេះបើយោងការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ទន្ទឹមនឹងនេះដែរ Harry Kane បានឈ្នះពានកីឡាករលេងល្អប្រចាំការប្រកួតនេះ និងក្លាយជាកីឡាករអង់គ្លេសដំបូងគេ ផងដែរដែលរកបានគ្រាប់បាល់ចំនួន ៥០គ្រាប់ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប បូករួមទាំងកាលលេងឱ្យក្លិបក្នុងស្រុក Tottenham Hotspur ថែមទៀត។

ក្នុងប្រកួត ៩០នាទីពេញនៅឯកីឡដ្ឋាន Allianz Arena នោះដែរ Kane ជាអ្នករកបានគ្រាប់តាមស្មើ ១-១ ក្រោយពួកគេបានចាញ់ ១-០ កាលជើងទី១ នៃវគ្គ ១៦ក្រុមនៅប្រទេសអ៊ីតាលី និងបន្តរកបានគ្រាប់នាំមុខ Lazio ទៀតក្នុងប្រកួតវគ្គទី២ និង Thomas Muller រកបាន ១គ្រាប់ផងដែរ នៅចុងម៉ោងនៃវគ្គទី១។

ក្រុមខ្លារខិន Bayern Munich ដែលស្ថិតក្រោមការដឹកនាំរបស់លោក Thomas Tuchel ផងនោះ ត្រូវរង់ចាំចាប់ឆ្នោតជ្រើសរើសគូប្រកួតជាបន្តទៀត ដែលនឹងធ្វើឡើងនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅពេលបិទបញ្ចប់វគ្គ ១៦ក្រុម នៅពេលដែលក្រុមមួយនេះ កំពុងប្រឈមទៅនឹងការអត់ឈ្នះពានណាមួយជាលើកដំបូង ដូចរដូវកាលឆ្នាំ២០១១-២០១២៕