(ម៉ាឌ្រីដ)៖ តារាជើងស៊ុត Kylian Mbappe រកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ២-១ របស់ Paris Saint Germain ទៅលើក្រុមម្ចាស់ផ្ទះ Real Sociedad នាយប់មិញ ដើម្បីបញ្ចប់ជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League 2023-2024 ដោយកីឡាករបារាំងរូបនេះ ក៏រកបាន ៦គ្រាប់ស្មើជាមួយ Harry Kane ច្រើនជាងគេផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្រុមជើងឯកបារាំង PSG មួយនេះបានឡើងទៅវគ្គ ៨ក្រុម UCL ដោយស្រួល បន្ទាប់ពីយកឈ្នះក្រុមនៅលីគកំពូល អេស្ប៉ាញ La Liga ខាងលើក្នុងលទ្ធផល ៤-១ ទាំង ២ជើង គ្រាដែលកីឡាករខ្សែប្រយុទ្ធរបស់ពួកគេគឺ Mbappe កើន គ្រាប់ស៊ុត ៦គ្រាប់ហើយ ស្មើនឹង Harry Kane របស់ក្លិប Bayern Munich ដែលបានឈានទៅវគ្គ ១/៤ដូចគ្នា។

ក្នុងការធ្វើដំណើរទៅកាន់ទឹកដី Reale Arena នាយប់មិញនេះដែរ ក្រសែភ្នែកអ្នកគាំទ្រភាគច្រើនបានចាប់អារម្មណ៍ទៅ លើខ្សែប្រយុទ្ធ Mbappe បន្ទាប់ពីកីឡាករវ័យ ២៥ឆ្នាំរូបនេះ បានព្រមព្រៀងក្នុងការផ្លាស់ទៅលេងឱ្យក្លិបអេស្ប៉ាញ Real Madrid ចាប់ពីរដូវកាលក្រោយតទៅ។

មិនធ្វើឱ្យអ្នកគាំទ្រខកបំណង Mbappe បានស៊ុតគ្រាប់នាំមុខ ២គ្រាប់តែម្តង នៅចំពោះមុខអ្នកគាំទ្រសរុបប្រមាណជិត ៤ម៉ឺននាក់ នៅមុនពេល Paris របូត ១គ្រាប់វិញចុងម៉ោង ញ៉ាំងឱ្យក្រុមទៅពី Ligue 1 មួយនេះរបូតតែ ១គ្រាប់ប៉ុណ្ណោះ ក្នុងប្រកួត ១៨០នាទីពេញទាំង ២ជើង៕