(ឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព Aston Villa បានរាយការណ៍ថា បានខាតប្រាក់ចំនួន ១១៩.៦លានផោន ដែលស្មើនឹង ១២៧លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

Villa បានលើកឡើងថា តួលេខនេះ គឺស្របតាមផែនការអាជីវកម្មជាយុទ្ធសាស្ត្រ និងស្ថិតនៅក្នុងច្បាប់នៃប្រាក់ចំណូល-ចំណាយ និងនិរន្តភាព (PSR) របស់លីគ Premier League។

ច្បាប់ PSR ដែលបានដាក់ឱ្យប្រើប្រាស់ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ នោះ អនុញ្ញាតឱ្យមានការខាតបង់ប្រាក់រហូតដល់ចំនួន ១០៥លានផោន ក្នុងរយៈពេល ៣ឆ្នាំ។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សាលាបណ្តុះបណ្តាល មូលនិធិសប្បុរសធម៌ និងក្លិបបាល់ទាត់ស្រ្តី អាចកាត់ចេញពីតួលេខរបស់ច្បាប់ PSR។ ក្លិបក៏ត្រូវបានអនុញ្ញាតឱ្យទាមទារមកវិញ នូវការខាតបង់ដែលបានកើតឡើង ក្នុងអំឡុងពេលរដូវកាលដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ផងដែរ។

Aston Villa រកបានប្រាក់ចំណេញចំនួន ៣០០,០០០ផោន ក្រោយពីទូទាត់ចំណាយសរុប ក្នុងគណនីឆ្នាំ២០២១-២០២២ របស់ពួកគេ ជួយដោយការលក់ខ្សែបម្រើសញ្ជាតិអង់គ្លេស Jack Grealish ទៅកាន់ក្លិប Manchester City ក្នុងតម្លៃ ១០០លានផោន៕