(បរទេស)៖ រោងចក្រផលិតរថយន្តអគ្គិសនី Tesla ក្បែរទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ត្រូវបានរាយការណ៍មកថា ផ្អាកផលិតកម្មភ្លាមៗនៅថ្ងៃអង្គារ៍សប្តាហ៍នេះ បន្ទាប់ពីសង្ស័យថា មានការលួចដុត បណ្តាលឲ្យមានភ្លើងឆាបឆេះក្បែរៗនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។

សារព័ត៌មានរ៉យទ័រ បានដកស្រង់ការផ្សាយពីកាសែតអាល្លឺម៉ង់ Berliner Zeitung ដោយរាយការណ៍ថា រោងចក្រនៅតំបន់ Gruenheide ដែលមានទីតាំងនៅភាគអាគ្នេយ៍នៃរដ្ឋធានីប៊ែកឡាំងរបស់អាល្លឺម៉ង់​ត្រូវបានទុកចោលដោយគ្មានថាមពលប្រើប្រាស់ឡើយ ប៉ុន្តែស្រាប់តែមានដំណឹងថា ត្រូវភ្លេីងឆេះនៅក្បែរនោះ ខណៈអង្គភាពកម្ចាត់គ្រាប់បែក ត្រូវបានបញ្ជូនទៅកាន់កន្លែងភ្លាមៗ ដើម្បីដោះស្រាយ។ ងាកមកក្រុម ជ្រុលនិយមដែលមានឈ្មោះថា «Volcano Group» បានបង្ហោះលិខិតមួយអះអាងពីការទទួលខុសត្រូវចំពោះហេតុការណ៍នេះ ដោយនិយាយថា «យើងបានបំផ្លាញ់ Tesla»។ តែយ៉ាងណា CNBC មិនអាចផ្ទៀងផ្ទាត់បានឡើយ ថាតើការអះអាងនោះជាការពិតឬយ៉ាងណា?

ជុំវិញហេតុការណ៍នេះ Tesla មិនអាចផ្តល់ការបំភ្លឺណាមួយភ្លាមៗឡើយ។ ទោះជាយ៉ាងណាក៏ដោយ រ៉យទ័របានដកស្រង់សម្តីអ្នកនាំពាក្យក្រុមហ៊ុនដែលបញ្ជាក់ថា ការផលិតត្រូវបានបញ្ឈប់ភ្លាមៗ ព្រមទាំងមានការជម្លៀសចេញផងដែរ។ ប៉ូលីសនៅតំបន់ Brandenburg បានប្រាប់ CNBC ថាឧប្បត្តិហេតុនេះ ជាការសន្និដ្ឋានបឋម គឺដូចជាការដុត ហើយបានបន្ថែមថាឥឡូវនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតថា តើនរណាជាអ្នកទទួលខុសត្រូវ?

គួរជម្រាបថា ហេតុការណ៍នេះ កើតឡើងចំពេលដែលក្រុមហ៊ុន Tesla មានផែនការពង្រីក រោងចក្ររបស់ខ្លួននៅតំបន់ Gruenheide ។ តែយ៉ាងណា គម្រោងនេះត្រូវបានប្រជាជនរស់នៅទីនោះ ចេញមុខប្រឆាំងយ៉ាងខ្លាំងក្លា ដោយមិនអនុញ្ញាតឲ្យពង្រីកការសាងសង់ឡើយ ដោយបារម្ភពីការកាប់បំផ្លាញ់ព្រៃឈើបន្ថែម ដើម្បីយកដីសាងសង់រោងចក្រ៕