(បរទេស)៖ បន្ទាប់ពីសារព័ត៌មានល្បីៗជាច្រើនជុំវិញពិភពលោកបានចុះផ្សាយ អំពីការខាតបង់ប្រាក់របស់ Meta អស់ជាង ១៨ពាន់លានដុល្លារក្រោយជួបបញ្ហាគាំងកម្មវិធី Facebook, Messager និង Instagram រយៈពេលមួយម៉ោង។ ឥឡូវនេះទទួលបានរបាយការណ៍ថ្មីមកថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Meta លោក Zuckerberg ក៏បានខាតបង់ទឹកប្រាក់ផ្ទាល់ខ្លួនផងដែរអស់ជិត ៣ពាន់លានដុល្លារមួយឯណោះគិតមកដល់ពេលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន India Today នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Zuckerberg បានធ្លាក់ចុះចំនួន ២.៧៩ពាន់លានដុល្លារក្នុងមួយថ្ងៃ មកនៅត្រឹម ១៧៦ពាន់លានដុល្លារនៅលើ Bloomberg Billionaires Index ប៉ុន្តែប្រភពបានបញ្ជាក់ថា លោកនៅតែរក្សាបានតំណែងជាអ្នកមានបំផុតទី៤ របស់ពិភពលោកដដែល។

គួរជម្រាបដែរថា ក្រោយមានបញ្ហាគាំងធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ប្រមាណ ៣.៩៨ពាន់លាននាក់ជុំវិញពិភពលោកនៅរាត្រីថ្ងៃទី០៥ ខែមីនានេះ បានធ្វើឱ្យភាគហ៊ុនរបស់ Meta ធ្លាក់ចុះប្រហែល ១.៦ភាគរយ ដែលនាំទៅដល់ការបំផ្លាញទ្រព្យសម្បត្តិសុទ្ធរបស់លោក Mark Zuckerberg ខណៈភាគហ៊ុនរបស់ Meta មកដល់ពេលនេះបានបិទការជួយដូរត្រឹម ៤៩០.២២ដុល្លារក្នុងមួយហ៊ុននៅលើ Wall Street៕