(បរទេស)៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ជុំវិញបញ្ហាបណ្តាញផ្សព្វផ្សាយសង្គមរបស់ Meta បានជាប់គាំងនៅយប់មិញនេះ ខណៈមានអ្នកប្រើប្រាស់ស្ទើតែជុំវិញពិភពលោកបាននាំគ្នាផ្អើលឆោឡោ ដោយមានអ្នកខ្លះលើកឡើងថា មានករណី Hack លួចគណនី Facebook។ តែយ៉ាងណាក្នុងអំឡុងពេលជាប់គាំងរយៈពេលជាង១ម៉ោងនេះ ឃើញថា បណ្តាញផ្សព្វផ្សាយសង្គមផ្សេងទៀត ហាក់មានសន្ទុះអ្នកប្រើប្រាស់កើនឡើងខ្លាំង ជាពិសេសដូចជា Telegram និង បណ្តាញផ្សព្វផ្សាយសង្គម X ជាដើម។

យ៉ាងណាមិញ ក្រោយមានសន្ទុះកើនឡើងខ្លាំងនៅលើកម្មវិធីរបស់ខ្លួន ភ្លាមៗម្ចាស់កម្មវិធីបណ្តាញផ្សព្វសផ្សាយសង្គម X លោក Elon Musk បានចេញសារឌឺដង ចំអកឡកឡឺយទៅកាន់លោក Mark Zukerberg។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែមេធំរបស់ Telegram លោក Pavel Durov ក៏បានចេញសារឌឺដងផងដែរ ដោយលោកបានពោលពាក្យយ៉ាងជឿជាក់ថា មានមនុស្សរាប់លាននាក់បានចុះឈ្មោះ និងចែករំលែកមានមាតិកានៅលើ Telegram ក្នុងរយៈពេលជាងមួយម៉ោង ខណៈដែល Instagram និង Facebook មិនដំណើរការ។ ការពោលដូច្នេះគួរឱ្យចាប់អារម្មណ៍ ខណៈដែលកម្មវិធី Telegram ហាក់មានភាពជឿជាក់ ជាងបណ្តាញផ្សព្វផ្សាយសង្គមផ្សេង។

លោក Pavel Durov បានបន្តបោះពាក្យសម្តីទៀតថា កម្មវិធី Telegram របស់លោក ត្រូវបានបង្កើតឡើងក្រោមការចំណាយតិចជាងច្រើនដងបើធៀបទៅនឹងកម្មវិធី Facebook ប៉ុន្តែ Telegram នៅតែជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់។ «កម្មវិធី Telegram របស់យើងមានបុគ្គលិកពេញម៉ោងតិចជាង Meta ប្រហែល ១,០០០ដងដែរ ប៉ុន្តែយើងគ្រប់គ្រងបានល្អ និងបើកដំណើរការមុខងារថ្មី និងច្នៃប្រឌិតបានលឿនជាង» បើរំលឹកទៅកាលពីឆ្នាំ២០២៣ កម្មវិធី Telegram ក៏ធ្លាប់ជួបបញ្ហាគាំងផងដែរ ប៉ុន្តែកាលនោះយើងគ្រប់គ្រងស្ថានការណ៍បានល្អ វាគាំងត្រឹមតែរយៈពេល ៩នាទីប៉ុណ្ណោះក្នុងចំណោមម៉ោងសរុប ៥២៥,៦០០នាទី អ្វីៗក៏វិលមកដូចដើមវិញ៕