(បរទេស)៖ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារស្មាតហ្វូនដ៏ល្បីល្បាញ Counterpoint បានឱ្យដឹងថា ការលក់ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានរងផលប៉ះពាល់ជាខ្លាំង ជាមួយនឹងលទ្ធផលធ្លាក់ចុះខ្ទង់ ២៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលប្រាំមួយសប្តាហ៍ដំបូងនៃឆ្នាំ២០២៤។ ការធ្លាក់ចុះនៃការលក់នេះត្រូវបានប្រភពឱ្យដឹងថា បណ្តាលមកពីការកើនឡើងនៃប្រជាប្រិយភាពនៃផលិតផលរបស់ក្រុមហ៊ុន Huawei នៅក្នុងទីផ្សារប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានReuters នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ដៃគូប្រកួតប្រជែងដ៏លេចធ្លោរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយអាមេរិក Apple នៅក្នុងប្រទេសចិនគឺ Huawei កំពុងមានសន្ទុះគាំទ្រជាខ្លាំង ស្របពេលដែល iPhone កំពុងរងការខាតបង់ ស្មាតហ្វូនជំនាន់ថ្មីរបស់ចិននេះ បានទាញយកចំណែកទីផ្សារដល់ទៅ ៦៤ភាគរយឯណោះ។

ចំនួននៃការលក់ iPhone ក្នុងត្រីមាសនេះត្រូវបានគេព្យាករណ៍ថា Apple នឹងអាចរកប្រាក់ចំណូលបានប្រមាណ ៦ពាន់លានដុល្លារប៉ុណ្ណោះទាបជាងការរំពឹងទុករបស់ Wall Street ឬអាចធ្លាក់ចុះបន្ថែមទៀត ប្រសិនបើកំណើននៃការគាំទ្រនៅក្នុងប្រទេសចិននៅតែជាប់គាំងបែបនេះ។

របាយការណ៍របស់ Counterpoint បានបង្ហាញថា ចំណែកទីផ្សារក្រុមហ៊ុន Apple នៅលើទីផ្សារស្មាតហ្វូនប្រទេសចិនបានធ្លាក់ចុះមកនៅត្រឹម ១៥.៧ភាគរយ ដែលឈរនៅចំណាត់ថ្នាក់លេខ៤ បើធៀបទៅនឹងចំណាត់លេខ២ តាមរយៈការលក់ការពីឆ្នាំ២០២៣ កន្លងទៅដែលស្មាតហ្វូនយក្សនេះបានកាន់កាប់ចំណែកទីផ្សារខ្ទង់ ១៩ភាគរយឯណោះ។

គួរជម្រាបដែរថា ក្រុមហ៊ុនចិន Huawei បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២ ខណៈដែលចំណែកទីផ្សារបានកើនឡើងដល់ទៅ ១៦.៥ភាគរយ ពីចំណែកទីផ្សារកាលពីឆ្នាំមុនមានត្រឹម ៩.៤ភាគរយ។ ទាំងនេះគឺ បន្ទាប់ពី Huawei ចាប់ផ្តើមឈានជើងចូលប្រឡូក្នុងវិស័យស្មាតហ្វូនវិញ ព្រមទាំងបញ្ចេញស្មាតហ្វូនថ្មីៗជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីម៉ូដែល Huawei Mate 60 បានវាយលុកលើទីផ្សារប្រទេសចិនមក បានធ្វើឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនអាមេរិកហាក់កើតក្តីកង្វលើ នឹងរងការធ្លាក់ចុះជាខ្លាំងពីមួយជំនាន់ទៅមួយជំនាន់៕