(ម៉ាទ្រីដ)៖ ខ្សែបម្រើ Jude Bellingham របស់ក្លិប Real Madrid បានរងការពិន័យ ២ប្រកួតនៅ La Liga ព្រោះតែការបង្ហាញអាកប្បកិរិយាប្រមាថមើលងាយ​ ទៅលើមន្ត្រីអាជ្ញាកណ្តាល ក្រោយទទួលកាតក្រហមក្នុងប្រកួតដែល Real មានលទ្ធផលស្មើ ២-២ ជាមួយ Valencia កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍របស់អាជ្ញាកណ្តាលបានឱ្យដឹងថា កីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានបង្ហាញ​ «អាកប្បកិរិយាគឃ្លើន» ខណៈលោកបានជំទាស់នឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល Jesus Gil Manzano ដែលបានផ្លុំកញ្ចែបញ្ចប់ការប្រកួត នៅពេលដែលលោកបានតែតបាល់បញ្ចូលទីនៅនាទីទី៩ នៃម៉ោងបន្ថែម ជាអ្វីដែលលោកចាត់ទុកថា ជាគ្រាប់បាល់ឈ្នះ។

Real Madrid មាន ៧ពិន្ទុដាច់លើក្រុមលេខ២ Girona ដោយឈរនៅកំពូលតារាង La Liga។

កីឡាករ Bellingham នឹងខកខានការប្រកួតធ្វើជាម្ចាស់ផ្ទះ នាថ្ងៃអាទិត្យ ទល់នឹងក្រុមភ្ញៀវ Celta Vigo និងដំណើរទៅជួបក្លិប Osasuna នៅថ្ងៃទី១៦ ខែមីនា។

កីឡាករវ័យ ២០ឆ្នាំរូបនេះ គឺជាអ្នកនាំមុខគេ ក្នុងការរកគ្រាប់បាល់នៅលីគ La Liga ជាមួយនឹងគ្រាប់បាល់ ១៦គ្រាប់ ក្នុងរដូវកាលដំបូងរបស់លោកជាមួយ Real៕