(ប៉ារីស)៖ ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប PSG បានលើកឡើងថា លោកគ្មានបញ្ហាអ្វីនោះទេជាមួយនឹងអ្នកចាត់ការ Luis Enrique បន្ទាប់ពីការលេង៩០នាទីពេញសម្រាប់ក្រុមមួយនេះកាលពីថ្ងៃអង្គារ ជាលើកដំបូង គិតចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈមក។

ខ្សែប្រយុទ្ធរូបនេះ រកបានគ្រាប់បាល់ទាំង ២គ្រាប់ ក្នុងការប្រកួតឈ្នះ ២-១​ នៅ Champions League លើក្លិប Real Sociedad។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

ប្រធានក្រុមជម្រើសជាតិបារាំង ដែលបានស៊ុតបញ្ចូលទីទាំង ២គ្រាប់ បានជួយឱ្យ PSG ឡើងដល់វគ្គ ៨ក្រុមចុងក្រោយ ជាលើកដំបូង គិតចាប់ពីឆ្នាំ២០២១ មករូបនេះ បានបញ្ជាក់ប្រាប់ក្លិបលេងនៅលីគ Ligue 1 កាលពីខែមុនថា លោកនឹងចាកចេញពីក្លិបនេះ នៅពេលចប់រដូវកាលនេះ។

Mbappe បានចាកចេញពីកៅអីអង្គុយបម្រុង ក្នុងការប្រកួតឈ្នះ ២-០ លើក្លិប Nantes កាលពីខែមុន ហើយបានស្ថិតក្នុងក្រុមបម្រុង ក្នុងការប្រកួតចំនួន ២លើកចុងក្រោយ ក្នុងលីគ Ligue 1 របស់ក្លិប PSG ដោយការប្រកួតទាំង ២នោះ បានបញ្ចប់ក្នុងលទ្ធផលស្មើ។

«ទំនាក់ទំនងរបស់ខ្ញុំ ជាមួយគ្រូបង្វឹកគឺល្អ។ មិនមានបញ្ហាអ្វីនោះទេ បើទោះបីជាមានមនុស្សមួយចំនួន គិតថាវាមាន។ ខ្ញុំមានបញ្ហាជាច្រើន ប៉ុន្តែគ្រូបង្វឹកមិនមែនជាបញ្ហាមួយ ក្នុងចំណោមបញ្ហារបស់ខ្ញុំនោះទេ»។ Mbappe បានប្រាប់សារព័ត៌មាន Canal Plus នៅថ្ងៃអង្គារ។

​នៅពេលដែលសួរថាតើហេតុអ្វី Mbappe ស្ថិតក្នុងក្រុមបម្រុង ក្នុងការប្រកួតនាពេលថ្មីៗនេះ អ្នកចាត់ការ Luis Enrique បានប្រាប់ Canal Plus ថា «Kylian ដែលរកបាន ៥០គ្រាប់ និងបញ្ជូនបាល់បាន ២៥គ្រាប់ ជាមួយនឹងគ្រូបង្វឹកជាច្រើននាក់ និងក្រុមជាច្រើន។ ជាក់ស្តែង អនាគតដ៏ខ្លីខាងមុខ គាត់មិននៅទីនេះទៀតនោះទេ ដូច្នេះយើងត្រូវសាកល្បងរកដំណោះស្រាយផ្សេង»។

សូមជម្រាបថា PSG ដែលកំពុងស្ថិតនៅកំពូលតារាង Ligue 1 នោះ នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Reims នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕