(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ ហើយកាលពីរាត្រីថ្ងៃពុធម្សិលមិញ ដោយក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះម្ចាស់ផ្ទះបឹងកេត ៣-១ នៅពហុកីឡដ្ឋានជាតិ ស្របពេលក្រុមការពារតំណែងជើងឯកវិសាខា បានវាយបកតាមស្មើភ្នំពេញក្រោន ទាំងមិនអស់ចិត្ត ដ្បិតមិនពេញចិត្តការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង គឺធ្វើបានយ៉ាងល្អ ដោយបានស៊ុតបំប៉ោងសំណាញ់ទីក្រុមនាគខៀវ ៣គ្រាប់មុន ដោយខ្សែប្រយុទ្ធប្រេស៊ីល Gabriel Silva Costa ២គ្រាប់នោនាទី៣៣ និងនាទី៦២ និងកីឡាករ ជូ ស៊ិនទិ ១គ្រាប់ នៅនាទី៧១។ យ៉ាងណាមិញបឹងកេត ក៏វាយបកបាន ១គ្រាប់វិញដែរ ដោយកីឡាករ ចន្ថា ចន្ទាកា នៅនាទី៧៥ បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ត្រូវបានប្ដូរចូលលេងនៅដើមវគ្គទី២ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺជំនួបរវាងក្រុមជើងឯក ៣សម័យវិសាខា និងអតីតក្រុមជើងឯក ២សម័យភ្នំពេញក្រោន។ ការប្រកួតជើងទី១ នៅកីឡដ្ឋានព្រីនស៍នេះ ត្រឹម ៦នាទី ភ្នំពេញក្រោន បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន ដោយកីឡាករ លឹម ពិសុទ្ធ នៅនាទីទី២ និងកីឡាករ Shintaro Shimizu នៅនាទីទី៦។ បន្ទាប់មកទើបវិសាខា វាយបកតាមស្មើវិញ ២-២ ដោយកីឡាករ Jonata Bastos នៅនាទីទី១០ និងកីឡាករ ស៊ិន កក្កដា នៅនាទី៧៧។

ទន្ទឹមជាមួយលទ្ធផលស្មើគ្នានេះ បានធ្វើឲ្យថ្នាក់ដឹកនាំ និងអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ បានសម្ដែងការមិនអស់ចិត្តឡើយ ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល ត្រង់ចំណុចនៃការស្លាយបាល់កាត់ផ្ដាច់ចង្វាក់លេងពីកីឡាករភ្នំពេញក្រោន Yudai Ogawa នៅនាទី១៨ ហើយបាល់នោះ ក៏ចំណេញដល់ជំហររបស់កីឡាករ Jonata Bastos ក្នុងការបណ្ដើរស៊ុត តែត្រូវបានអាជ្ញាកណ្ដាលផ្លុំកញ្ចែពិន័យមុន ដោយគិតថា ជាបាល់ Off Side ជំហររបស់កីឡាករវិសាខា។

ជុំវិញករណីនេះ គេឃើញមានមតិជាច្រើនបានលើកឡើងផ្សេងៗគ្នា តែភាគច្រើនពួកគេយល់ថា បាល់ចំណុចនេះ មិនមែនជាបាល់ Off Side និងពុំគួរពិន័យឡើយ។ ក្នុងនោះគេឃើញលោក ហុក សុចិត្រា អគ្គលេខាធិការក្លិបបាល់ទាត់វិសាខា បង្ហោះសារប្រតិកម្មភ្លាមៗ ក្រោយចប់ការប្រកួតនៅលើបណ្ដាញសង្គមផងដែរ ដោយទាមទារឲ្យមានការបកស្រាយច្បាស់លាស់ ចំពោះករណីនេះ ទោះបីលោកមានការគោរពចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលក៏ដោយ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិរូបនេះ បានបង្ហោះសំណេរ ភ្ជាប់ជាមួយវីដេអូខ្លីត្រង់ចំណុចមិនពេញចិត្ដថា «តាំងពីខ្ញុំដឹកនាំច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលតវ៉ា ឬក៏ប្រតិកម្មជាមួយក្រុមអាជ្ញាកណ្តាលទេ ហើយក៏បានណែនាំក្រុមការងារ កីឡាករខ្ញុំដែរ មិនឱ្យប្រតិកម្មជាមួយអាជ្ញាកណ្តាលដែរ ប៉ុន្តែរឿងងាយៗបែបនេះតែគាត់មើលមិនឃើញ យល់ច្រលំឬយ៉ាងណាទេ។ ខ្ញុំគោរពការសម្រេចចិត្តរបស់គាត់ តែខ្ញុំស្នើសុំការបកស្រាយឱ្យបានច្បាស់»

គួរដឹងថា ក្រោយបញ្ចប់ការប្រកួតជើងទី១ ក្រុមនីមួយៗនៅសល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ ១ប្រកួតទៀត ដែលត្រូវផ្លាស់ប្ដូរទឹកដីគ្នា ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង និងក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមវិសាខាវិញម្ដងនាថ្ងៃទី១០ ខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣-២០២៤៕