(ម៉ាឌ្រីដ)៖ Real Madrid អតីតជើងឯកពាន UEFA Champions League ១៤សម័យកាលច្រើនជាងគេដាច់ បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត ដ្បិតបញ្ចប់ក្នុងលទ្ធផល ១-១ នៃជើងទី២ នាយប់មិញនេះ ទល់នឹងក្រុមមកពីអាល្លឺម៉ង់ RB Leipzig ក៏ដោយ។

សមាជិកលេងនៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga បានលេងឈ្នះ Leipzig ១ទល់នឹង០ កាលពីជើងទី១ នៅទឺកដីអាល្លឺម៉ង់ពីក្នុងវគ្គ ១៦ក្រុម UCL 2023-2024 នាំឱ្យពួកគេមានលទ្ធផលឈ្នះ ២-១ ពីការសរុបលទ្ធផលទាំង ២ជើង ដើម្បីចូលរួមជាមួយ PSG, Man City និង Bayern Munich នៃវគ្គ ១/៤ជាបន្តទៀត។

១គ្រាប់នាំមុខរបស់ក្រុមកំពូលតារាងលីគអេស្ប៉ាញ Real Madrid គឺរកបានដោយខ្សែប្រយុទ្ធ Vinicius Jr បានរួមចំណែករកបាន ១៤គ្រាប់ហើយ ក្នុងចំណោម ១៣ប្រកួតនៅ Champions League របស់ Real នារដូវកាលនេះ នៅពេលកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ រកបាន ៨គ្រាប់ផងដែរ និងបោះបាល់ឱ្យគេស៊ុតបាន ៦គ្រាប់នោះ។

ក្នុងប្រកួតនៅកីឡដ្ឋាន Santiago Bernabeu កីឡាករ Willi Orban របស់ក្រុមភ្ញៀវ Leipzig បានធ្វើការឆ្លើយតបភ្លាមៗត្រឹមតែ ៣នាទីប៉ុណ្ណោះ បន្ទាប់ពី Vinicius ធ្វើបានសម្រេចនៅនាទី៦៥ និងទទួលបានលទ្ធផលស្មើ ១-១ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្តង។

ស្ថិតក្រោមការបង្វឹកដោយបុរសសញ្ជាតិអ៊ីតាលី គឺលោក Carlo Ancelotti ក្រុមអធិរាជស បានកំពុងស្វែងរកឱកាសឈ្នះ UEFA Champions League ជាលើកទី១៥ របស់ពួកគេ តាមរយៈឡើងទៅដល់វគ្គ ៨ក្រុមជាលើកទី១២ ក្នុងចំណោមពានអឺរ៉ុប ១៤សម័យចុងក្រោយនេះ គ្រាដែលគូប្រជែង Leipzig មិនពុំដែលឆ្លងចូលវគ្គផ្តាច់ព្រ័ត្រម្តងណាឡើយ បានត្រឹមវគ្គ ៤ក្រុម ១លើកកាលឆ្នាំ២០២០ ប៉ុណ្ណោះ៕