(បរទេស)៖ លោក Elon Musk បាននិយាយនៅពុធកន្លងទៅនេះថា បណ្ដាញសង្គម X របស់គាត់នឹងឆាប់ទទួលបានការយល់ព្រមសម្រាប់អាជ្ញាប័ណ្ណបញ្ជូនប្រាក់នៅទីក្រុងញូវយ៉ក ដែលវាជាផ្នែកមួយជំរុញឲ្យ X ជិតទទួលបាននូវមុខងារបង់ប្រាក់ ឬទូទាត់ប្រាក់តាមអនឡាញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងសន្និសីទបច្ចេកវិទ្យា Morgan Stanley ប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ លោក Musk ក៏បាននិយាយផងដែរថា X អាចទទួលបានអាជ្ញាប័ណ្ណរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ាក្នុងខែក្រោយ ដោយទទួលបានការយល់ព្រមពីទីក្រុងញូវយ៉កអាច "ពីរបីខែទៀត" ។

ចាប់តាំងពីទទួលបានក្រុមហ៊ុន X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ក្នុងឆ្នាំ ២០២២មក មហាសេដ្ឋីរូបនេះបានព្យាយាមប្រែក្លាយវាទៅជា "កម្មវិធីដែលមានអ្វីៗគ្រប់យ៉ាង" ដូចគ្នាទៅនឹង ក្រុមហ៊ុនចិន Tencent ដែលមានកម្មវិធី WeChat នៅក្នុងប្រទេសចិន ជាមួយនឹងមុខងារលើសពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចផ្ញើ និងទទួលប្រាក់បាន។

ដើម្បីផ្តល់សេវាកម្មនៅទូទាំងសហរដ្ឋអាមេរិក អ្នកជំនាញនិយាយថា X នឹងត្រូវការអាជ្ញាប័ណ្ណបញ្ជូនលុយនៅក្នុងរដ្ឋនីមួយៗ ហើយ Musk ធ្លាប់បាននិយាយថាការយល់ព្រមនៅញូវយ៉ក និងកាលីហ្វ័រញ៉ានឹងមានផលវិបាកបំផុត។ រដ្ឋដែលមានប្រជាជនទាំងនោះត្រូវបានគេស្គាល់ផងដែរសម្រាប់ដំណើរការអនុម័តដែលមានរយៈពេលយូរ។

យោងតាមប្រភពខាងលើបានឱ្យដឹងថា មានរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក បានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន X រួចរាល់ហើយ៕