(ភ្នំពេញ)៖ សមាគមផលិតករភាពយន្តខ្មែរ បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ជុំវិញបញ្ហាប្រតិកម្មរបស់មហាជនអ្នកលេងបណ្តាញសង្គម លើការចាក់បញ្ចាំងភាពយន្តកម្ពុជា នៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុងប្រទេសកម្ពុជា ដែលបង្កឲ្យមានការធ្វើពហិការ មិនគាំទ្រ និងមិនទស្សនាភាពយន្តរបស់ប្រទេសទាំង២ ទៅវិញទៅមក។

យោងតាមចេញសេចក្ដីថ្លែងការណ៍ របស់សមាគមផលិតករភាពយន្តខ្មែរ ដែលចុះហត្ថលេខាដោយលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Pichure បានបញ្ជាក់ឲ្យដឹងថាសមាគមផលិតករភាពយន្តខ្មែ បានពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវត្តន៍ថ្មីៗ ក្នុងវិស័យភាពយន្តកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសជុំវិញបញ្ហាប្រតិកម្មរបស់មហាជនអ្នក លេងបណ្តាញសង្គមលើការចាក់បញ្ចាំងភាពយន្តកម្ពុជា នៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុង ប្រទេសកម្ពុជា ដែលបង្កឲ្យមានការធ្វើពហិការ មិនគាំទ្រ និងមិនទស្សនាភាពយន្តរបស់ប្រទេសទាំង២ទៅវិញទៅមក ពិសេសលើករណីភាពយន្តរឿង «ម៉ែក្រឡាភ្លើង» របស់ផលិតកម្ម «សាស្ត្រាហ្វីម»

ករណីនេះ សមាគមបានពិនិត្យឃើញថា ប្រតិកម្ម និងការធ្វើពហិការរបស់អ្នកលេងបណ្ដាញសង្គម លើភាពយន្តរបស់កម្ពុជា រឿងម៉ែក្រឡាភ្លើង គឺជាករណីភាន់ច្រឡំ និងវាយតម្លៃសាច់រឿងខុស របស់អ្នកលេងបណ្តាញសង្គម ចំពោះភាពយន្តខាងលើ តែមិនបានសំដៅជារួមលើស្នាដៃភាពយន្តរបស់កម្ពុជា ដែលចាក់បញ្ចាំងនៅក្នុងប្រទេសថៃនោះទេ។
ពាក់ព័ន្ធនឹងករណីនេះ សមាគមក៏បានសង្កេតឃើញមានគណនីហ្វេសប៊ុកមិនប្រក្រតីមួយចំនួន (Fake Account) បាននិងកំពុងព្យាយាមបញ្ចេញមតិយោបល់ (Comment) បែបឌីដង ញុះញង់ ឲ្យប្រជាពលរដ្ឋកម្ពុជា មានការរើសអើងចំពោះភាពយន្តថៃ និងឌឺដង ញុះញង់ឲ្យប្រជាពលរដ្ឋថៃរើសអើងចំពោះភាពយន្តកម្ពុជា។ សកម្មភាពខាងលើនេះ គឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ ដែលអាចបង្កជាការញុះញង់ឲ្យមានការរើសអើង និងដុតកំហឹងជាតិសាសន៍រវាងកម្ពុជាថៃ ព្រមទាំងធ្វើខូចទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ដែលជាប្រទេសភូមិផងរបងជាមួយ។

សមាគម សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តារក្សានូវភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ និងគោរពឲ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេស ព្រមទាំងដើម្បីជៀសវាង នូវរាល់អំពើដែលបង្កឲ្យមានការរើសអើងពូជសាសន៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំង២។ ជាមួយគ្នានេះ សមាគមក៏ស្នើសុំកិច្ចអន្តរាគមន៍ ពីអាជ្ញាធរមានសមត្ថកិច្ច មេត្តាពិនិត្យស្រាវជ្រាវលើគណនីហ្វេសប៊ុកមិន ប្រក្រតីមួយចំនួន ដែលកំពុងធ្វើសកម្មភាពទុច្ចរិតប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។ សមាគមផលិតករភាពយន្តខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានយកចិត្តទុកដាក់ស្រឡាញ់ គាំទ្រ និងលើកស្ទួយវិស័យភាពយន្តជាតិ។

ជាមួយគ្នានេះ ក៏ស្នើសុំដល់ផលិតករភាពយន្តទាំងអស់បន្តរួបរួមគ្នា ខិតខំសំរិតសំរាំងពង្រឹងនិងលើកកម្ពស់គុណភាពស្នាដៃភាពយន្តរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនក្នុងស្រុក និងដើម្បីឧត្តមភាពប្រកួតប្រជែងសម្រាប់ទីផ្សារភាពយន្តនៅក្រៅប្រទេស៕