(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតព្រមានជាផ្លូវការនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ដល់ផលិតកម្ម «Town» ចំពោះការផលិតចម្រៀងបទ «Team ទឹកត្នោតជូរ» ដែលច្រៀងដោយតារាចម្រៀង ម៉ៅ ហាជី ដោយក្រសួងរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។

ក្នុងលិខិតដែលបានផ្ញើជូនលោកស្រី ជួប មាន អគ្គនាយិកាផលិតកម្ម ថោន អេនធើធេនមន និងត្រូវបានចុះហត្ថលេខាដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសូមធ្វើការព្រមានផលិតកម្ម ថោន អេនធើធេនមេន ចំពោះ ការផលិតបទចម្រៀងក្រោមចំណងជើងថា Team ទឹកត្នោតជូរ ច្រៀងដោយលោក ម៉ៅ ហាជី និពន្ធទំនុកច្រៀងដោយ លោក ថុន ស៊ីថុន និងនិពន្ធបទភ្លេងដោយលោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយ លើប្រព័ន្ធ YouTube នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

ការផលិតបទចម្រៀងខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ (សម្តេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត) និងជាការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និងប្រជាជន ទៅបំភ្លឺដោយពុំមានខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម។ ផលិតកម្ម ថោន អេនធើធេនមេន ត្រូវលុបចោលជាបន្ទាន់នូវការបង្ហោះផ្សព្វផ្សាយបទ ចម្រៀងខាងលើនេះតាមគ្រប់មធ្យោបាយ និងត្រូវបញ្ឈប់នូវរាល់ការផលិតបទចម្រៀង ដែលរំលោភច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងត្រូវធ្វើលិខិតសុំទោសសាធារណជនចំពោះ កំហុសដែលបានកើតឡើងខាងលើនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏សូមអំពាវនាវដល់គ្រប់ផលិតកម្ម សូមគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងរួមគ្នាលើកតម្លៃសីលធម៌សង្គម
និងកិត្តិយសរបស់ជាតិ៕