(ភ្នំពេញ)៖ ធនាគារ ផេនដា បានអបអរសាទរខួប ៤ឆ្នាំ របស់ខ្លួនជាមួយនឹងការប្រារព្ធពិធីដែលបង្ហាញពីភាពច្នៃប្រឌិត និងសេវាកម្មដែលលេចធ្លោនៅក្នុងវិស័យធនាគាររបស់កម្ពុជា។

ពិធីនេះក៏មាន​ការ​ចូលរួមជាកិត្តិយសពី​សំណាក់​ឥស្សរជនជាន់ខ្ពស់​រួម​មានលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងអ្នកឧកញ៉ា ហ៊ុន តូ ភាគទុនិក និង អភិបាលធនាគារ ផេនដា។ ព្រឹត្តិការណ៍នេះគឺជាពេលវេលាដ៏សំខាន់ក្នុងដំណើររបស់ធនាគារ ផេនដា កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤។

ស្របពេលជាមួយការអបអរសាទរខួប ៤ឆ្នាំ ធនាគារ ផេនដាបានដាក់បង្ហាញសេវាកម្មធនាគារឯកជនរបស់ខ្លួន ដែលជាការផ្តល់ជូនផ្តាច់មុខសម្រាប់អតិថិជនវរជនដែលផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយ ជាមួយនឹងការប្រើប្រាស់សេវាកម្មផ្តាច់មុខ និងការផ្តល់ជូនពិសេសដោយទទួលបានការយកចិត្តទុកដាក់ផ្ទាល់ខ្លួនទៅលើទិដ្ឋភាពនៃជីវិតរបស់ពួកគេ រួមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិ សុខភាព គ្រួសារ និងការធ្វើដំណើរ ដែលជាការលើកកម្ពស់នៃគុណភាពរបៀបរស់នៅដោយធនាគារ ផេនដា។

លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើង «ប្រព័ន្ធធនាគារដែលជាបេះដូងរបស់សេដ្ឋកិច្ច បាននិងកំពុងបោះជំហានទៅមុខជាលំដាប់ និងបន្តរក្សាបានភាពធន់ តាមរយៈកំណើនទ្រព្យសកម្ម កំណើនឥណទាន និងកំណើនប្រាក់បញ្ញើ។ បន្ថែមលើនេះ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ និងបានរួមចំណែកគាំទ្រដល់ឌីជីថលូបនីយកម្ម សេដ្ឋកិច្ច-សង្គមកម្ពុជា តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងសមាហរណកម្មទៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍»

ឆ្លុះបញ្ចាំងពីដំណើររបស់ខ្លួន ធនាគារផេនដា បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់នូវដំណោះស្រាយដ៏ទំនើបសម្រាប់តម្រូវការដែលកំពុងរីកដុះដាលរបស់អតិថិជនដ៏មានតម្លៃរបស់ខ្លួន។ កម្មវិធីទូរស័ព្ទ Panda Bank App ដែលទទួលបានការសាទរពីអតិថិជន បានសម្រួលចាប់តាំងពីការបើកគណនី រហូតដល់ការដាក់ប្រាក់ដែលធ្វើឡើងនៅក្នុងកម្មវិធីតែម្តង មិនចាំបាច់ទៅសាខាផ្ទាល់ និងផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែងដ៏លេចធ្លោបំផុតនៅកម្ពុជា។

គួរកត់សម្គាល់ថា អត្រាការប្រាក់របស់គណនីបញ្ញើមានកាលកំណត់សម្រាប់ប្រាក់រៀលក្នុង 1 ឆ្នាំ គឺ 9.88% និង អត្រាការប្រាក់របស់គណនីសន្សំប្រចាំថ្ងៃ Treasure Vault ក្នុង 1 ឆ្នាំគឺ 7.3%។ នៅឆ្នាំ 2023 ធនាគារ ផេនដា បានចូលជាសមាជិក បាគង ដែលអនុញ្ញាតឲ្យអតិថិជនធ្វើការទូទាត់ប្រាក់តាមរយៈ KHQR ទូទាំងប្រទេស និងបានបើកដំណើរការប័ណ្ណឥណពន្ធ UnionPay ជាមួយនឹងការផ្តល់ជូនផ្សេងៗពីដៃគូដ៏គួរឱ្យទាក់ទាញ។

លោកស្រី Cynthia Liaw អគ្គនាយិកាប្រតិបត្តិនៃធនាគារ ផេនដា ខមមើសលប៊ែង ម.ក បានចែករំលែកទស្សនៈរបស់ខ្លួនក្នុងឱកាសខួប ៤ឆ្នាំ ដោយបញ្ជាក់ថា «ខួប ៤ឆ្នាំ របស់ពួកយើង គឺជាសក្ខីភាពមួយលើការរីកចម្រើន និងជាការបញ្ជាក់ជាថ្មីអំពីការសន្យារបស់ធនាគារ ផេនដាចំពោះប្រទេសកម្ពុជា»

លោកស្រីបន្តថា ធនាគារ ផេនដា នឹងក្លាយជាដៃគូដំណើឆ្ពោះទៅរកភាពរុងរឿងរបស់ប្រជាជនកម្ពុជាគ្រប់រូប ពិសេសបានប្តេជ្ញាដើម្បីសម្រេចនូវ នវានុវត្តន៍ ទំនុកចិត្ត និងភាពជោគជ័យពីពេលនេះ និងបន្តបន្ទាប់នៅឆ្នាំខាងមុខបន្តទៀត៕