(មីដជូឡេន)៖ ខ្សែបម្រើសញ្ជាតិស៊ុយអែត Kristoffer Olsson ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា មានកំណកឈាមតូចៗជាច្រើន នៅក្នុងខួរក្បាលទាំងពីររបស់លោក ដែលនេះបណ្តាលមកពីការរលាកដ៏កម្រមួយ នៅក្នុងសរសៃឈាមខួរក្បាលរបស់លោក។ នេះបើយោងតាមការបញ្ជាក់ពីក្លិបដាណឺម៉ាក ដែលលោកលេង Midtjylland ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។

Olsson បានស្ថិតក្នុងមន្ទីរពេទ្យ និងដាក់ម៉ាស៊ីនជំនួយខ្យល់ដង្ហើម បន្ទាប់ពីកីឡាករវ័យ ២៨ឆ្នាំរូបនេះ បានសន្លប់នៅផ្ទះកាលពីខែមុន។ គាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Aarhus University Hospital ជាកន្លែងដែលក្លិបបានឱ្យដឹងថា គាត់បានទទួលការស្កេន និងធ្វើតេស្តជាច្រើនលើកកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

«ស្ថានភាពរបស់ Kristoffer Olsson នៅពេលនេះ ត្រូវបានគេចាត់ទុកថា មានស្ថិរភាព ហើយវេជ្ជបណ្ឌិតបន្តតាមដានការវិវឌ្ឍថែមទៀត។ ស្របពេលជាមួយគ្នានោះដែរ ពួកគេមានអារម្មណ៍ថា កម្រិតស្មារតីរបស់កីឡាករ Kristoffer កំពុងមានការកើនឡើង»។ នេះបើតាមក្លិបបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍។

ក្លិបបានឱ្យដឹងកាលពីខែមុនថា ស្ថានភាពរបស់ Olsson មិនទាក់ទងនឹងការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬក៏កត្តាខាងក្រៅនោះទេ។

​សូមជម្រាបថា Olsson ដែលធ្លាប់លេងឱ្យក្រុមជម្រើសជាតិស៊ុយអែត ចំនួន ៤៧លើកនោះ បានចាប់ផ្តើមអាជីពក្នុងឈុតធំនៅក្លិប Arsenal ហើយក៏ធ្លាប់លេងឱ្យក្លិបស៊ុយអែត AIK និងក្លិបបែលហ្សិក Anderlecht ផងដែរ៕