(ឡុងដ៍)៖ BlueCo 22 ដែលជាក្រុមហ៊ុនមេរបស់ក្លិបតោខៀវ Chelsea បានប្រកាសពីការខាតប្រាក់សុទ្ធចំនួន ៦៥៣លានផោន (៨៣២.៧១លានដុល្លារ) បន្ទាប់ពីការបង់ពន្ធ នាអំឡុងខែមីនា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ស្របពេលក្លិបលេងនៅលីគ Premier League មួយនេះ បានខាតប្រាក់ ៩០.១លានផោន មុនការបង់ពន្ធ។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។

ក្រុមហ៊ុនសម្ព័ន្ធ  BlueCo ដែលដឹកនាំដោយមហាសេដ្ឋីអាម៉េរិក Todd Boehly និងក្រុមហ៊ុន Clearlake Capital នោះ បានទិញក្លិប Chelsea ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២៣ ពួកគេក៏បានសម្រេចកិច្ចព្រមព្រៀង ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនក្លិបបារាំង Racing Strasbourg ផងដែរ។

​ការខាតបង់ប្រាក់សម្រាប់ Chelsea ក្នុងរយៈពេល ១២ខែនេះ គឺតិចជាង ១២១.៤លានផោន សម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្លិបក៏បានបង្កើនថ្ងៃប្រកួត និងចំណូលពាណិជ្ជកម្មផងដែរ បន្ទាប់ពីពួកគេបានប្រតិបត្តិការ ដោយគ្មានការដាក់ទណ្ឌកម្មពីរដ្ឋាភិបាល បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន នៅពេលដែលអតីតម្ចាស់ក្លិប Chelsea និងជាមហាសេដ្ឋីរុស្ស៊ី Roman Abramovich បានរងទណ្ឌកម្មនោះ៕