(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Salesforce នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសនូវបច្ចេកវិទ្យា AI ថ្មី សម្រាប់ជាដំណោះស្រាយដល់បុគ្គលិកថែទាំផ្នែកសុខភាព ពោលគឺអាចជួយនូវកិច្ចការរដ្ឋបាល ដែលកន្លងមកធ្វើដោយដៃ ហើយនេះជាវិធីថ្មីមួយ ក្នុងការសម្រាលការងាររបស់ក្រុមគ្រូពេទ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

ឧបករណ៍ទីមួយត្រូវបានគេហៅថា Einstein Copilot: Health Actions ហើយវានឹងអនុញ្ញាតឱ្យវេជ្ជបណ្ឌិតអាចកាត់ត្រាការណាត់ជួប, សង្ខេបព័ត៌មានអ្នកជំងឺ និងផ្ញើការបញ្ជូនបន្តដោយមុខងារ AI ជាមួយនឹងភាសាសន្ទនាផ្សេងៗ។ ក្រុមហ៊ុន Salesforce ក៏បានប្រកាសពីការបង្កើតការវាយតម្លៃ ដែលនឹងអនុញ្ញាតឱ្យអង្គការនានាធ្វើ ការវាយតម្លៃសុខភាពជាឌីជីថល ដូចជាការស្ទង់មតិ ដោយមិនចាំបាច់វាយ ឬសរសេរកូដដោយដៃនោះទេ។ លក្ខណៈពិសេសទាំងពីរនេះ ត្រូវបានបង្កើតឡើងនៅលើវេទិកាមួយមានឈ្មោះថា «Einstein 1» របស់ក្រុមហ៊ុន ដែលអង្គការសុខភាពអាចប្រើប្រាស់ ដើម្បីនាំយកទិន្នន័យវេជ្ជសាស្ត្រពីប្រភពផ្សេងៗគ្នា ដូចជាប្រព័ន្ធទាមទារការធានារ៉ាប់រង និងកំណត់ត្រាសុខភាពអេឡិចត្រូនិចទៅកន្លែងតែមួយ។

ការងាររដ្ឋបាល ដែលពឹងផ្អែកលើកម្លាំងពលកម្ម ដូចជាការបំពេញឯកសារ គឺជាបញ្ហាធំសម្រាប់បុគ្គលិកថែទាំសុខភាព។ វា គឺជាកត្តាជំរុញដ៏ធំមួយ នៃការខាតបង់ពេលវេលា សម្រាប់ក្រុមគ្រូពេទ្យ។ តែយ៉ាងណា បញ្ហានេះលែងជាកង្វល់ទៀតហើយ ខណៈ ក្រុមហ៊ុន Salesforce បាននិយាយថា វេជ្ជបណ្ឌិតអាចប្រើ ប្រព័ន្ធ AI ថ្មី ឈ្មោះ Einstein Copilot ក្នុងការកំណត់សកម្មភាពសុខភាពដើម្បីបង្កើតការសង្ខេបព័ត៌មានអ្នកជំងឺ ដែលរួមបញ្ចូលព័ត៌មានលម្អិតដូចជាថ្នាំរបស់អ្នកជំងឺ, សំណើសេវាព្យាបាល, ការធ្វើរោគវិនិច្ឆ័យ និងការធ្វើតេស្ត ជាដើម។ តាមរយៈការបង្កើតសេចក្តីសង្ខេបជាមួយ AI គ្រូពេទ្យ នឹងលែងចំណាយពេលរកមើលឯកសារនានា ដែលនាំ្យខាតពេលវេលា។

គួរជម្រាបថា ជុំវិញឧបករណ៍ AI ថ្មីនេះ ក្រុមហ៊ុន Salesforce បាននិយាយថានឹងមានលក់ក្នុងរដូវក្តៅនេះហើយ Einstein Copilot: Health Actions នឹងមានសម្រាប់ប្រើប្រាស់នៅចុងឆ្នាំនេះ៕